ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានសហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់រួមវត្ថុតាង តាមបណ្ដឹងរបស់ប្រជាពលរដ្ឋពីបទលួច។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ និល ពុទ្ធា ហៅតូច ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ ក្នុងនោះកម្លាំងដកហូតវត្ថុតាងរួមមាន កង្ហាចំនួន ០១ ធុងទឹកកកចំនួន ០១ ចង្កានហ្គាសចំនួន ០១ និងកៅអីជ័រចំនួន០៤ ។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីទទួលសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋឈ្មោះ ថុល ឈ្មោះ សំអន ឈ្មោះ យាន ឈ្មោះ គឹមហុង និងឈ្មោះ ចាន់ សុខ ថា កាលពីវេលាម៉ោង១ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពលួចសម្ភារនៅចំណុច សាលាបឋមសិក្សាកូលាប តូបលក់ដូរ និងក្នុងផ្ទះ ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត និងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ។
លោក វរសេនីយ៍ត្រី អធិការរងស្រុកក្រគរបន្តទៀតថា ជនសង្ស័យរួមវត្ថុតាងបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយជនសង្ស័យដែលត្រូវបានកម្លាំងឃាត់ខ្លួននាំទៅបន្តនីតិវិធីបានឆ្លើយសាភាពថា ខ្លួនពិតជាបានប្រព្រិត្តពិតប្រាកដដោយមានបក្ខពួកម្នាក់ទៀត ដែលត្រូវបានកម្លាំងកំណត់មុខសញ្ញាជាក់លាក់អស់ហើយ៕ ប៉ឹម ពិន