ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិករារាំងប្រទេសជាសត្រូវទិញអាវុធ ហើយជំរុញឲ្យប្រទេសជាមិត្តទិញអាវុធ

ចែករំលែក៖

ប្រទេសដែលជាគូបដិបក្ខរបស់អាមេ រិក បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្នុងនោះ មាន ប្រទេស អីុរ៉ង់និងប៉ាឡេស្ទីន ជាដើម ត្រូវបានអាមេរិកហាមប្រាមផលិតអាវុធ ទំនើបៗ រួមទាំងមីស៊ីលផងដែរ ។ ផ្ទុយទៅវិញអាមេរិកបែរជាជំរុញឲ្យប្រទេសដែលជាសម្ពន្ធមិត្តរបស់ខ្លួន និងជាសត្រូវរបស់ អីុរ៉ង់ គឺសាវឌីអារ៉ាប៊ី បង្កើនការទិញអាវុធពីអាមេរិកទៅវិញ។

បច្ចុប្បន្ន សាវឌីអារ៉ាប៊ីកំពុងតែដឹកនាំ កម្លាំងចម្រុះ ធ្វើសង្គ្រាមវាយប្រហារក្រុមហ៊ូធីនៅក្នុងប្រទេសយេមែ៉ន ហើយតែងតែចោទប្រកាន់អីុរ៉ង់ថាបានផ្គត់ផ្គង់មីស៊ីលទៅឲ្យក្រុមហ៊ូធី វាយប្រហារទៅលើទីតាំង របស់សាវឌីអារ៉ាប៊ី។

នៅពេលនេះ ក្រសួងការបរទេសអាមេ រិក បានធ្វើការបើកភ្លើងខៀវដល់គម្រោងលក់សព្វាវុធថ្មីមួយផ្សេងទៀត ទៅកាន់ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក្រោមក្របខណ្ឌនៃការផ្តល់សេវាគាំទ្រផ្នែកប្រព័ន្ធមីស៊ីល ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៥០០ លានដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ ២០១៨។

យោងតាមសេចក្តីប្រកាស ដែលចេញ ផ្សាយដោយទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការសន្តិសុខនៃវិស័យការពារជាតិ របស់ ក្រសួងការពារជាតិអាមេរិក សភាក៏ត្រូវ បានជូនដំណឹងអំពីគម្រោងលក់ដូរសព្វា​វុធនេះផងដែរ។ បើតាមប្រភពពីឯកសារ ដដែល អារ៉ាប៊ីសាអ៊ូឌីតបានស្នើទិញយកការចូលរួម ព្រមទាំងជំនួយផ្នែកបច្ចេក ទេស ក៏ដូចជាការគាំទ្រ និងថែទាំនៃកម្មវីធីប្រព័ន្ធស៊ើបការណ៍ FPS, ប្រព័ន្ធមីស៊ីល PAC-3 និងប្រព័ន្ធសេវាវិស្វកម្ម ESP។

គួរជម្រាបថា បើតាមទីភ្នាក់ងារខាងលើ គម្រោងលក់សព្វាវុធនេះ នឹងជួយបង្កើនសមត្ថភាពការពារសន្តិសុខ របស់ទីក្រុង រីយ៉ាដបានយ៉ាងច្រើន។ ការបន្ទាន់ក្នុងការទាមទារទិញខាងលើនេះ បានកើតមានឡើងក្រោយពីអារ៉ាប៊ីសាអ៊ូឌីត បានទទួល រងការប៉ុនប៉ងវាយប្រហារទៅលើរាជវាំងជាច្រើនលើក ពីសំណាក់ក្រុមឧទ្ទាមនៃ ប្រទេសយេមែ៉ន។

សកម្មភាពរបស់អាមេរិក បានធ្វើឲ្យ ប្រទេស ក្នុងតំបន់មជ្ឈិមបូព៌ាបង្ហាញការ ខឹងសម្បាយ៉ាងខ្លាំង ក្នុងនោះមាន ប៉ាឡេ ស្ទីនផងដែរ។ ប្រមុខរដ្ឋប៉ាឡេស្ទីនបាន បញ្ជាក់ថា អាមេរិកលែងជា តួអង្គសំខាន់នៅក្នុងការស្វែងរកដំណោះស្រាយសន្តិភាពរវាងប៉ាឡេស្ទីននឹងអីុស្រាអែលហើយ។ បើអាមេរិកនៅតែដើរតួក្នុងការរកដំណោះស្រាយវិវាទ ទឹកដីប៉ាឡេស្ទីននឹងត្រូវបាត់ បង់ជាបន្តបន្ទាប់ ដោយអាមេរិកកាត់ឲ្យ ទៅសម្ពន្ធមិត្ត ដូចទីក្រុងហ្សេ៊រុយសាឡឹម ជាដើម។

នៅទីក្រុងរ៉ាម៉ាឡា ទឹកដីប៉ាឡេស្ទីន ថ្នាក់ដឹកនាំនៃអង្គការរំដោះប៉ាឡេស្ទីនហៅកាត់ថា OPL បានរួមប្រជុំគ្នានារសៀលថ្ងៃអាទិត្យ ទី១៤ ខែមករា ដោយមានកម្មវត្ថុនៃកិច្ចប្រជុំ គឺស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីទប់ទល់នឹងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលបានប្រកាសទទួលស្គាល់ហ្សេ៊រុយសាឡឹមជាទីក្រុងផ្តាច់មុខរបស់អុីស្រាអែល។ លោកប្រមុខរដ្ឋ ប៉ាឡេស្ទីនម៉ាមូដ អាបាស់បានចាត់ទុកសំណើសន្តិភាពរបៀបនេះរបស់លោកត្រាំថាជា « ការទះកំផ្លៀង សតវត្សរ៍ » និងបដិសេធលើតួនាទីរបស់ អាមេរិកជាអន្តរការីនៅក្នុងដំណើរស្វែងរកសន្តិភាពឲ្យប៉ាឡេស្ទីន និងអុីស្រាអែល។ ទន្ទឹមគ្នានេះ លោកអាបាស់ក៏បានបរិហារលើកិច្ចព្រមព្រៀងក្រុងអូស្លូចុះហត្ថលេខាក្នុងឆ្នាំ ១៩៩៣ រវាងអង្គការ OLP នឹងអុីស្រា អែល។

«ខ្ញុំនិយាយថា គ្មានកិច្ចព្រៀងក្រុងអូស្លូទៀតឡើយ ព្រោះអុីស្រាអែលបានបញ្ចប់កិច្ចព្រមព្រៀងក្រុងអូស្លូនោះ។ ដូច្នេះយើងត្រូវតែអនុម័តលើសេចក្តីសម្រេចមួយទាក់ទងនឹងកិច្ចព្រមព្រៀងក្រុងអូស្លូ។ មានអ្នក ខ្លះនាំគ្នានិយាយថា កិច្ចព្រមព្រៀងទាំង នេះជាការក្បត់ តែគេត្រូវទទួលស្គាល់ថា ចំណុចវិជ្ជមានមួយដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះ គឺការដែលអុីស្រាអែល បានទទួលស្គាល់អាទិភាពរបស់ប្រជាជនប៉ាឡេស្ទីន។

បន្ទាប់មកទៀត និងតាមរយៈកិច្ចព្រមព្រៀងក្រុងអូស្លូឆ្នាំ ១៩៩៣ ដដែល អុីស្រាអែលបានទទួលអង្គការរំដោះប៉ាឡេស្ទីនជាអង្គការស្របច្បាប់តែមួយគត់ឲ្យប្រជា ជនប៉ាឡេស្ទីន។ ប៉ុន្តែឥឡូវនេះ អ្វីៗបាន ផ្លាស់ប្តូរ។ យើងជារដ្ឋអំណាចមួយដែល គ្មានអំណាច និងដែលកំពុងដោះស្រាយរឿងការទន្ទ្រានកាន់កាប់ពីអុីស្រាអែល។ យើងនឹងមិនយល់ព្រមជាដាច់ខាត »៕ ម៉ែវ សាធី

 


ចែករំលែក៖