ព័ត៌មានទាន់ហេតុការណ៍៖

វិទ្យាល័យក្រុងក្រចេះគ្មានទឹកប្រើក្រោយក្រុមហ៊ុនផ្តាច់ទឹកព្រោះគ្មានលុយ២លានរៀលបង់

ចែករំលែក៖

ខេត្តក្រចេះ៖ សិស្សវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រុងក្រចេះពេលនេះ គ្មានទឹកប្រើប្រាស់ទេក្រោយពីក្រុមហ៊ុន ទឹកស្អាតក្រុងក្រចេះបានផ្តាច់ទឹក ព្រោះតែខាងសាលាគ្មានប្រាក់បង់ថ្លៃទឹកខុសប្រក្រតី២លានរៀល ។

លោក អ៊ុក ទុំ នាយកវិទ្យាល័យសម្ដេច តេជោ ហ៊ុន សែន ក្រុងក្រចេះបានថ្លែងថា ក្រុមហ៊ុនទឹកស្អាតក្រុងចេះបានមកផ្ដាច់ ទឹកនៅសាលាកាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ដោយមិន មានដំណោះស្រាយ ។

លោកបានបន្តថា កាលពីមុនសាលា ធ្លាប់ប្រើប្រាស់ទឹកអស់ត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះស្រាប់តែនៅពេលប្ដូរកុងទ័រថ្មីតម្លៃប្រើក៏កើនឡើងគុណនឹង១០ដង។ ក្រោយ ពីតម្លៃខុសគ្នាច្រើនពេកសាលាគ្មានលទ្ធភាពបង់ផ្លៃជូនទឹកស្អាតនោះលោកបាន សរសេរលិខិតជាផ្លូវការស្នើឲ្យខាងទឹកស្អាតរកដំណោះស្រាយនិងសុំដាក់កុងទ័រចាស់វិញ តែខាងទឹកស្អាតមិនមានដំណោះស្រាយ រួចក៏ចុះមកផ្ដាច់ទឹកតែម្ដង ។

លោកបានបន្តទៀតថា គ្រូៗនៅសាលា បានព្យាយាមរកកន្លែងសង្ស័យថា ក្រែង បែកទុយយោតែរកកន្លែងបែកមិនឃើញ សោះ ហើយក៏គ្មានទឹកសើមក្នុងដីដែរបើតាមធម្មតាទឹកជិត១.០០០ម៉ែត្រគូបបើ បែកទុយយោមែននោះទឹកលិចពេញ សាលាហើយ ។

លោកនាយកវិទ្យាល័យបានបញ្ជាក់ថា ប្រសិនបើខាងទឹកស្អាតសម្រួលក្នុងកម្រិតណាមួយដែលអាចទទួលយកបាននោះលោកសុខចិត្តរៃអង្គាសពីសិស្សបន្តិចបន្តួច យកទៅបង់ជូនហើយតែនេះវាច្រើនពេកលោកគ្មានសមត្ថភាពទេ។ លោកអាណិតសិស្សណាស់សព្វថ្ងៃចង់ឲ្យសិស្សចេះកុំព្យូទ័រ លោកសុខចិត្តដើរសុំលុយគេដើម្បីដោះស្រាយគ្រាន់ថ្លៃភ្លើងក្នុង១ខែអស់៤០ម៉ឺនរៀលហើយលោកពិតជាលំបាកណាស់ ៕ ហេង សូរិយា


ចែករំលែក៖