ព័ត៌មានទាន់ហេតុការណ៍៖

អធិការក្រុងសិរីសោភ័ណថ្មីដឹកនាំកម្លាំងបោសសម្អាតគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣២នាក់រយៈពេល១សប្តាហ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អធិការនគរបាលក្រុងសិរីសោភ័ណថ្មី សហការកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំកម្លាំងចេញប្រតិបត្តិការបោសសម្អាតគ្រឿងញៀន នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣២នាក់ សរុប៦ករណី ក្នុងរយៈពេលតែមួយសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ និងបានដកហូតគ្រឿងញៀនមួយចំនួនធំផងដែរ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងធ្វើឡើងយ៉ាងក្តៅគគុកត្រូវគេមើលឃើញថា បញ្ហាប្រឈមនិងបទល្មើសគ្រឿងញៀនត្រូវ គេនិយាយថាបាននិងកំពុងរីករាលដាលនៅក្រុងសិរីសោភ័ណជាបន្តបន្ទាប់ នាំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងកើតមានអសន្តិសុខក្នុងមូលដ្ឋានផងនោះទៀត ។

បញ្ហានេះស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កាលពីកន្លងទៅថ្មីៗនេះ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលក្រោមបង្គាប់ត្រូវដោះស្រាយបញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្នុងក្រុងសិរីសោភ័ណ ក៏ត្រូវគេមើលឃើញថាមានការសម្របសម្រួលនីតិវិធីពី ស្ថាប័នអយ្យការនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើឡើងចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះនៅក្នុងភូមិសាស្រ្តសង្កាត់ទឹកថ្លា សង្កាត់១ករណី កំពង់ស្វាយ ២ករណី សង្កាត់ម្កាក់១ករណី សង្កាត់កោះពងសត្វ ១ករណី និងសង្កាត់ព្រះពន្លា១ករណី។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ប្រាប់ឱ្យដឹងថា ដោយសង្កេតឃើញថាគ្រឿងញៀនជាចំណុចប្រឈមគ្រោះថ្នាក់និងស្មុគស្មាញបំផុតសម្រាប់បញ្ហានៅក្នុងសង្គមបច្ចុប្បន្ន។ ដូច្នេះនៅក្នុងរយៈពេលដែលលលោកមកកាន់តំណែងជាអធិការនគរបាលក្រុងសិរីសោភ័យ រយៈពេល៣ខែនេះដោយមានការជម្រុញពីលោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម គឺលោកត្រូវតែប្តេជ្ញាដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងក្រុងសិរីសោភ័ណនេះឱ្យមានប្រសិទ្ធភាពដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀន៣២នាក់គឺមានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងមុខសញ្ញាជួញដូរគ្រឿងញៀន ដែលភាគច្រើនជាយុវជនទំនើង ដើរលេងជិះបង្ហោះម៉ូតូនៅពេលយប់ ប្រើប្រាស់ដាវសាំម៉ូរ៉ៃកាប់ចាក់គ្នា បណ្តាលឱ្យរបួសស្នាម និងបង្កប៉ះពាល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ជនសង្ស័យគ្រឿងញៀនទាំងនោះក៏បាននិងបញ្ជូនចាត់ការតាមផ្លូវច្បាប់របស់តុលាការនោះហើយ៕ សំ វិច្ឆិកា


ចែករំលែក៖