ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៥ថ្ងៃ នគរបាលខណ្ឌ ច្បារអំពៅចាប់ម៉ូតូល្មើសច្បាប់ចរាចរជិត២០០គ្រឿង

ចែករំលែក៖

ភ្នំពេញៈ ម៉ូតូជិត២០០គ្រឿង ដែលអ្នកបើកបរល្មើសច្បាប់ចរាចរត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់បញ្ជូនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីផាកពិន័យទៅតាមគោលការណ៍ច្បាប់ចរាចរផ្លូវគោល ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា ចាប់តាំងពីក្រសួង មហាផ្ទៃដាក់ផែនការអោយអនុវត្តច្បាប់ចរាចរដោយចាប់អ្នកបើកបរណាដែល ល្មើសច្បាប់ មកដល់ពេលនេះកម្លាំងនគរបាលចរាចរខណ្ឌនិងកម្លាំងនៅតាមប៉ុស្តិ៍រដ្ឋបាលបានអនុវត្តជាប្រចាំនៅតាមគោលដៅផ្សេងៗគ្នា ដោយចាប់អ្នកបើកបរម៉ូតូណាដែលល្មើសច្បាប់ចរាចរ តែដកហូតយកតែម៉ូតូបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីផាកពិន័យទៅតាមច្បាប់ ដោយឡែកអ្នកបើកបរម៉ូតូធ្វើការអប់រំណែនាំពីច្បាប់ចរាចរដើម្បីអោយពួកគាត់បានយល់និងយកទៅផ្សព្វផ្សាយបន្តនៅមូលដ្ឋាន ។

លោកអធិការរងបានបន្តថា រយៈពេល៤ថ្ងៃ គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នគរបាលចរាចរខណ្ឌចាប់ម៉ូតូដែលអ្នកបើកបរជិះល្មើសច្បាប់ចរាចរបានជិត២០០គ្រឿង ភាគច្រើនអ្នកបើកបរអត់ពាក់មួកសុវត្ថិភាព ម៉ូតូអត់ដាក់កញ្ចក់ បើកបរបញ្ច្រាស់ទិសចរាចរ ដោយចាប់យកម៉ូតូបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយអោយម្ចាស់ទៅទទួលយកសេវ៉ាផាកពិន័យទៅតាមគោលការណ៍ច្បាប់ អ្នកអត់ពាក់មួកសុវត្ថិភាពពន័យ១៥០០០រៀល អត់ដាក់កញ្ចក់ពន័យ១៥០០០រៀល ចំណែកអ្នកជិះបញ្ច្រាស់ទិសចរាចរពិន័យ២៥០០០រៀល ។

ជាមួយគ្នានេះដែរសូមអំពាវនាវដល់អ្នកបើកបរម៉ូតូទាំងអស់ត្រូវពាក់មួក សុវត្ថិភាពអោយបានគ្រប់ៗគ្នាទាំងអ្នកបើកនិងអ្នករួមដំណើរជាមួយ ទើបអាច បញ្ចៀសបានពីគ្រោះថ្នាក់ដល់ជីវិត ចំពោះម៉ូតូវិញត្រូវមានស្លាកលេខ មានកញ្ចក់ និងត្រូវបើកបរគោរពច្បាប់ចរាចរទាំងអស់គ្នា៕ សណ្តោស

 


ចែករំលែក៖