ព័ត៌មានទាន់ហេតុការណ៍៖

គយច្រកតំបន់ភ្នំដីស្រុកសំពៅលូនឃាត់ម៉ូតូ២០០គ្រឿងម៉ាកស៊ុយហ្សុយគីឡេតនាំចូលខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញា

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចគយប្រចាំមាត់ច្រកដំបន់ភ្នំដីស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើការឃាត់ម៉ូតូចំនួន២០០គ្រឿង ម៉ាកស៊ុយហ្សុយគីឡេតដឹកតាមរថយន្ត២គ្រឿងនាំពីប្រទេសថៃចូលមកកម្ពុជាខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញា និងមានការសង្ស័យនាំចូលលួចបន្លំគេងប្រវ័ញ្ញពន្ធរដ្ឋនោះផងដែរ ។ ការបង្រ្កាបម៉ូតូបានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នៅមាត់ច្រកទ្វារព្រំដែនភ្នំដី ស្រុកសំពៅលូន ។

ម៉ូតូម៉ាកស៊ុយហ្សុយគីឡេតត្រូវគេរាយការណ៍ឲ្យដឹងថាបានរងការឃាត់ពីសមត្ថកិច្ចគយ ស៊េរីឆ្នាំ២០១៧ ដែលឈ្មួញបាននាំចូលតាមច្រកតំបន់ភ្នំដី ស្រុកសំពៅលូន បម្រុងនាំឆ្ពោះទៅរាជធានីភ្នំពេញ ។ ការបង្រ្កាបនោះដែរត្រូវគេរាយការណ៍ឲ្យដឹងទៀតថា អនុវត្តតាមបណ្តឹងរបស់ក្រុមហ៊ុនCAMBODIA SUZUKI MOTOR ជាក្រុមនាំចូលផ្តាច់មុខនូវម៉ូតូម៉ាកស៊ុយហ្សុយគីឡេតសម្រាប់ប្រទេសកម្ពុជា ។

លោក អ៊ុយ វិត ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំមាត់ច្រកទ្វារព្រំដែនភ្នំដី ប្រាប់ឲ្យដឹងថា ម៉ូតូទាំងនោះខាងសមត្ថកិច្ចគយឃាត់ទុកពីព្រោះក្រុមហ៊ុនអ្នកនាំចូលមិនទាន់រត់ការឯកសារបង់ពន្ធគ្រប់គ្រាន់ ដោយរងចាំក្រុមហ៊ុនអ្នកនាំចូលម៉ូតូនោះយកឯកសារត្រឹមត្រូវមកបង្ហាញខាងលោក និងឲ្យមានការបង់ពន្ធ ទើបឲ្យចាកចេញទៅ ។

លោកបញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធការនាំចូលម៉ូតូរំលោភកម្មសិទ្ធិបញ្ញាគឺខាងក្រុមហ៊ុនគេបានចរចារទាក់ទងគ្នាជាមួយខាងក្រុមហ៊ុននោះហើយ ខាងលោកគ្រាន់តែអនុវត្តតាមមាត់ច្រកទ្វារព្រំដែនតែប៉ុណ្ណោះ ។

ជុំវិញបញ្ហានេះ បើតាមតំណាងក្រុមហ៊ុនCAMBODIA SUZUKI MOTOR ជាក្រុមនាំចូលផ្តាច់មុខនូវម៉ូតូម៉ាកស៊ុយហ្សុយគីឡេតសម្រាប់ប្រទេសកម្ពុជា ប្រាប់ឲ្យដឹងថា ខាងក្រុមហ៊ុនលោកបានដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារួចហើយ ហើយខាងក្រុមហ៊ុនក៏មិនអាចមានការសម្របសម្រួលចចារជាមួយ និងអ្នកនាំចូលម៉ូតូខាងលើនោះបានទេពីព្រោះជាការនាំចូលម៉ូតូរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់ប៉ះពាល់សិទ្ធិផ្តាច់មុខ និងប៉ះពាល់គុណផាពម៉ូតូ បញ្ហានេះក្រុមហ៊ុនលោកសុំឲ្យសមត្ថកិច្ចគយមានចាត់វិធានការតាមផ្លូវច្បាប់ ។

សូមរំលឹកថា កាលពីដើមខែធ្នូឆ្នាំ២០១៧ សមត្ថកិច្ចគយនៅរាជធានីភ្នំពេញបានបង្រ្កាបម៉ូតូម៉ាកស៊ុយហ្សុយគីឡេតនៅចំណុចចំណតរថយន្តផ្សារថ្មីចំនួន៤០គ្រឿងម្តងរួចមកហើយ នូវការនាំចូលរំលោភសិទ្ធិកម្មសិទ្ធិខុសច្បាប់ ។ ការនាំចូលម៉ូតូម៉ាកស៊ុយហ្សុយគីឡេត៤០គ្រឿងនោះត្រូវគេរកឃើញថាឈ្មួញបានឃុបឃិតជាមួយ និងមន្រ្តីគយនៅមាត់ច្រកទ្វារព្រំដែន ដែលសេចក្តីរាយការឲ្យដឹងថាបាននាំតាមច្រកកំពង់ផែអន្តរជាតិស្វ័យតក្រុងព្រះសីហនុ ម៉ូតូស៊េរីឆ្នាំ២០១៧ បង់ពន្ធបញ្ចុះឆ្នាំ២០១២ ដែលជាការកិចកេងប្រវ័ញ្ញថវិការរដ្ឋផងនោះទៀត ។

ការនាំឲ្យមានការនាំចូលនូវម៉ូតូម៉ាកម៉ាកស៊ុយហ្សុយគីឡេត រំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់នោះហើយ ។ ទើបក្រុមហ៊ុន CAMBODIA SUZUKI MOTOR ជាក្រុមនាំចូលផ្តាច់មុខនូវម៉ូតូម៉ាកស៊ុយហ្សុយគីឡេតបានដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឲ្យមានការទប់ស្កាត់ នៃការនាំចូលម៉ូតូម៉ាកស៊ុយហ្សុយគីឡេតពីសំណាក់ឈ្មួញខិលខូចនោះ៕ សំ វិច្ឆិកា


ចែករំលែក៖