ខេត្តក្រចេះ៖ លោក អ៊ុយ ស្រី នាយ ផ្នែករដ្ឋបាលព្រៃឈើឆ្លូង ខេត្តក្រចេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេតសាកសួរ និងដកហូតទូរស័ព្ទដៃដោយ សង្ស័យពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ យកលុយពីបទល្មើសព្រៃឈើក្នុងដែន សមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងជាថ្នូរនឹងការមិនបង្ក្រាប ។
ប្រភពព័ត៌មានបានឲ្យដឹងថា «កាលពី ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៨អង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានចុះស៊ើបអង្កេតស្រាវជ្រាវ និង សាកសួរលោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាល ព្រៃឈើឆ្លូង ខេត្តក្រចេះនិងបានដកយក ទូរសព្ទ័របស់លោករហូតមកពេលនេះមិនទាន់ដឹងច្បាស់ថា ប្រគល់ឲ្យវិញឬនៅ នោះទេ?» ។
ប្រភពព័ត៌មានពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លូងបានបង្ហើបប្រាប់ថា លោកនាយផ្នែក រដ្ឋបាលព្រៃឈើឆ្លូងពិតជាត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅសាកសួរស៊ើបអង្កេតថែមទាំងដកយកទូរស័ព្ទដៃប្រាកដ មែន ប៉ុន្តែមិនដឹងពាក់ព័ន្ធរឿងរ៉ាវអ្វីឲ្យច្បាស់ លាស់ទេ ព្រោះគ្មានប្រភពណាទម្លាយព័ត៌ មានមួយនេះឡើយ ប៉ុន្តែមន្ត្រីរាជការក្នុងខេត្តមួយនេះកំពុងតាមដានចង់ដឹងរឿងហេតុនេះយ៉ាងខ្លាំង ។
ប្រភពពីសមត្ថកិច្ចឯទៀតក៏បានឲ្យដឹងស្រដៀងគ្នានេះដែរពាក់ព័ន្ធរឿងអាស្រូវ របស់លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាល ព្រៃឈើឆ្លូងនេះដោយភាគច្រើនដាក់ការ សង្ស័យថា នាយផ្នែកមេព្រៃរូបនេះអាច មានរឿងពុករលួយក្នុងបទល្មើសព្រៃឈើតែម្តង ។
លោក គុយ ហួត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឲ្យ ដឹងកាលពីព្រឹកថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ថា រឿងលោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង ដែលលេចឮព័ត៌មានថា ត្រូវអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតនិងដកទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨លោក មិនទាន់ទទួលបានព័ត៌មាននៅឡើយទេ ព្រោះគាត់សុំច្បាប់រវល់ចូលរួមកម្មវិធីមង្គលការក្មួយ។ ដូច្នេះខាងមន្ទីរមិនហ៊ានរំខានលោកទេរង់ចាំលោកចូលធ្វើការវិញទើប ដឹងច្បាស់ ។
លោក ជ័រ ផេងប៉ាវ នាយអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះ ទូរស័ព្ទហៅចូលហើយគ្មានអ្នកទទួល ។
សូមរំលឹកថា សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើតាមក្បួនរថយន្តសាំយ៉ុង និងរថយន្តកូរ៉េផ្សេងទៀតសម្រុកដឹកឈើប្រណីតយ៉ាង គគ្រឹកគគ្រេងចេញពីបណ្តាស្រុកនានានៃ ខេត្តក្រចេះឆ្ពោះទៅប្រទេសវៀតណាមគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសមត្ថកិច្ចពាក់ព័ន្ធតាមបន្ទាត់ ព្រំដែននោះទេ ។
ប្រភព័ត៌មានបានរាយការណ៍ឲ្យដឹងថា រដូវប្រាំងនេះក្រុមឈ្មួញដែលរកស៊ីដឹក ជញ្ជួនបទល្មើសព្រៃឈើតាមរថយន្ត សាំយ៉ុង និងរថយន្តកូរ៉េផ្សេងៗទៀតបានចាប់ផ្តើមកក្រើកឡើងវិញបន្ទាប់ពីបិទមួយរយ:ពេលខ្លី ។
ប្រភពបន្តទៀតថា ក្រុមឈ្មួញរកស៊ីឈើខុសច្បាប់កំពុងសប្បាយរីករាយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ ហើយ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើសប្បាយរាប់ក្បាលឡានយកលុយដាក់ហោប៉ៅ ។
ប្រភពបានបន្តទៀតថា ក្នុងមួយយប់ៗមានរថយន្តដឹកឈើបន្តបន្ទុយគ្នាដូចហែកឋិនចាប់ពី៣០ទៅ៤០គ្រឿងចេញពីស្រុកនានានៃខេត្តស្ទឹងត្រែងនិងខេត្តក្រចេះចូលមកស្រុកស្នួលឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងរំភើយ ។
មន្ត្រីរាជការក្នុងខេត្តក្រចេះបានរិះគន់ លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃ ឈើឆ្លូងថា កំពុងជិះសេះលែងដៃនិងបើកភ្លើងខៀវឲ្យរថយន្តដឹកឈើប្រណីតឆ្លងកាត់ស្នាក់ការមេព្រៃផ្នែក និងសង្កាត់នៅស្រុកស្នួលខេត្តក្រចេះឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងរលូនពុំមានការទប់ស្កាត់បង្ក្រាប នោះទេ។ ការបើកដៃឲ្យមានបទល្មើសព្រៃឈើដឹកឆ្លងដែនដោយខុសច្បាប់របស់ មន្ត្រីអ្នកអនុវត្តច្បាប់នេះវាផ្ទុយពីគោលការណ៍រដ្ឋាភិបាលដែលហាមឃាត់ដឹកទៅ បរទេសជាដាច់ខាត ៕ ហេង សូរិយា