ខេត្តបាត់ដំបង៖ ថ្មីៗនេះមានរឿងអាស្រូវមួយបានធ្លាយចេញពីច្រកតំបន់ ក្នុងស្រុកសំពៅលូនដោយសារតែមានការ នាំចូលប្រភេទប្រហិតសាច់គ្រប់មុខពី ប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាម ច្រកតំបន់គីឡូលេខ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលម្ចាស់ទំនិញនេះត្រូវបានប្រភពមួយចំនួនបង្ហើបថា ជាក្មួយស្រីរបស់លោកស្នងការខេត្តបាត់ដំបង ។
គេសង្កេតឃើញថា នៅច្រកតំបន់ខាង លើនេះមានការនាំចូលទំនិញគ្រប់ប្រភេទពីថៃមកកម្ពុជា ដែលភាគច្រើនគឺជាទំនិញ ស្របច្បាប់ ។
ដោយឡែកថ្មីៗនេះ ស្រាប់តែមាន ឈ្មួញស្រីម្នាក់ ដែលប្រភពជាច្រើនបានស្គាល់ថាគេឈ្មោះ រ៉ា ត្រូវជាកូនក្មួយរបស់លោកស្នងការខេត្តបានដឹកជញ្ជូនប្រហិតជាច្រើនប្រភេទទាំងរទេះៗចូលមកកម្ពុជា យ៉ាងរលូន ដោយមិនមានការត្រួតពិនិត្យពីសំណាក់មន្ត្រីជំនាញណាមួយឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ គេសង្កេតឃើញមានរថយន្ត១គ្រឿង ដែលជាប្រភេទរថយន្តឃ្លុប ពាក់ស្លាកលេខភ្នំពេញ 3D-4802 របស់ថៅកែស្រី ខាងលើបានចូលទៅឈប់សំចតនៅក្នុងទីតាំងមួយកន្លែងក្បែរច្រកតំបន់ដែលទីតាំងនោះជារបស់លោកវរសេនីយ៍ឯក ឈុន លន់ មេបញ្ជាការ ផ្នែកទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកតំបន់គីឡូលេខ១៣ ដើម្បីរង់ចាំផ្ទុកប្រហិតដែលនាំចេញពីប្រទេសថៃនាំយកមកចែកចាយក្នុងខេត្តបាត់ ដំបង និងខេត្តដទៃទៀត ។
ប្រភពព័ត៌មានមួយចំនួនបាននិយាយថា ប្រមាណ២ឬ៣ថ្ងៃម្តងត្រូវបានគេនាំ យកប្រហិតទាំងនេះចាប់ពី២ទៅ៣រទេះ យកមកដាក់បញ្ចូលឡាននៅទីនេះ ហើយ គ្មានអង្គភាពជំនាញណាមួយដែលឈរ ជើងនៅក្នុងច្រកនេះហ៊ានក្អកឡើយសូម្បីតែមន្ត្រីគយនិងមន្ត្រីកាំកុងត្រូលដែលមានភារកិច្ចត្រួតពិនិត្យទៅលើប្រភេទប្រហិតទាំងនេះខ្លាចក្រែងមានការខូចគុណភាពនោះក៏មិនខ្ចីយកភ្នែកមើលដែរ ដោយពួកគេបាននិយាយយ៉ាងខ្លីថា ជារបស់មេៗ ចង់ដឹងទៅសួរមេៗទៅ ។
កន្លងមកប្រហិតទាំងនេះគេធ្លាប់តែដឹងថាមានការលបនាំចូលតាមច្រករបៀង បឹងឆ្នាំងក្នុងស្រុកកំរៀង តែឥឡូវ បើទោះបីជាប្រហិតទាំងនេះមានការក្លាសេ្សមិនដិត ដល់ និងខូចគុណភាពយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ ដោយសារតែឥទ្ធិពលនៃខ្សែ វល្លិ វាធំៗពេកទើបគ្មានអ្នកណាហ៊ានប៉ះបែបនេះចំណែកការប៉ះពាល់សុខភាពគឺប្រជាពលរដ្ឋសោះ ព្រោះជាអ្នកបរិភោគ ។
បញ្ហានេះគួរតែអង្គភាពជំនាញដែលឈរជើងនៅក្នុងតំបន់នេះ ពិចារណាឡើងវិញ ព្រោះនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ច្រកតំបន់គីឡូលេខ១៣ នឹងប្រែ ក្លាយទៅជាច្រកអន្តរជាតិហើយ ដូច្នេះគួរតែរឹតបន្តឹងឡើងវិញទើបសម! កុំគិតតែផលប្រយោជន៍ ឬខ្លាចអំណាចខ្សែវល្លិខ្លាំងពេកគួរបែងចែកឲ្យបានច្បាស់លាស់អំពីថ្នាក់ដឹកនាំទៅនឹងឈ្មួញរកស៊ីដែលមានភាពមិនប្រក្រតី ៕ ហេង នរិន្ទ្រ