ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ខណៈដែលបានប្រើអំពើហិង្សាដោយបានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះត្រូវជាបងបង្កើតចំក្បាលបណ្ដាលឲ្យហូរឈាមប្រកាច់ស្រែកឈឺចុកចាប់សន្លប់ និងកន្លែងត្រូវបានអ្នកភូមិ និងក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុករមាសហែកមូលហេតុទំនស់ពាក្យសំដី។
ករណីប្រើហិង្សានេះ បានកើតឡើងកាលពី ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីរសៀលនៅភូមិព្រៃផ្តៀក ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានប្រាប់ភ្នាក់ងារនគរវត្តឲ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ ងិន ដា អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃផ្តៀក ឃុំក្រសាំង ស្រុករមាសហែក ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសាកសួរនៅអធិការនគរបាលស្រុកបន្ថែមទៀត។
ចំណែកជនរងគ្រោះត្រូវជាបងបង្កើតមានឈ្មោះ ងិន ធី អាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ដោយរងរបួសរយះក្បាលមួយកាំបិតធ្ងន់ធ្ងរ។
តាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សាពិតប្រាកដមែន ដោយមានទំនាស់ពាក្យសំដីគ្នាជាមួយ និងបងខ្លាំងពេកទើបខ្លួនទ្រាំមិនបាន ក៏ស្ទុះទៅទាញបានកាំបិតបុ័ងតោមកកាប់តែម្ដង។
បន្ទាប់ពីសាកសួររួចសមត្ថកិច្ចបានបញ្ជូនស្ត្រីសង្ស័យមកអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ យឹម សុថាន