ខេត្តស្ទឹងត្រែង៖ ករណីឃាត់ខ្លួនបុរស់ម្នាក់នេះធ្វើឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនក្រោយតុលាការខេត្តសៀមរាបចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៥៤.ចស”ដ”/២០១៧ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប លោក លឹម សុគន្ធារ៉ា ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
ប្រភពបានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនគឺមានការទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនមួយ ដែលមានម្ចាស់ភាគហ៊ុននៅខេត្តសៀមរាប ។ ក្រោមមកជនសង្ស័យបានចេញមូលប្បទានបត្រ ដែលគ្មានសាច់ប្រាក់ក្នុងទឹកប្រាក់ជាង២០ម៉ឺនដុល្លារឲ្យទៅភាគីក្រុមហ៊ុនមួយទៀត ដែលជាដើមបណ្តឹង។ ប៉ុន្តែដោយសារមូលប្បទានបត្រនោះគ្មានសាច់ប្រាក់ ភាគីក្រុមហ៊ុននោះ ក៏បានដាក់ពាក្យប្តឹងទៅតុលាការដើម្បីទៀមទាររកយុត្តិធម៌តែម្តង។
ទាក់ទិននឹងករណីខាងលើនេះ គឺបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រហូតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឲ្យកម្លាំងសាធារណៈ ស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ និងនាំបុគ្គលរូបនេះទៅកាន់ពន្ធនាគារដើម្បីឃុំខ្លួន។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អេង បញ្ញាឬទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យរូបនេះ ត្រូវបានតុលាការចេញសេចក្តីសម្រេចចោទប្រកាន់ ពីបទសមគំនិតក្នុងករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ មាស សុផាត