ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចហើយ តែរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់នាំគ្នាវាយម្នាក់១ដៃ១ជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍ទន្លេបាសាក់ ។
ហេតុការណ៍ឃាត់ខ្លួននេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រោះបានជិះម៉ូតូមួយម៉ាកហុងដាc125 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AH.5553 មកហូបស៊ុប នៅក្នុងបរិវេណកោះពេជ្រ មួយសន្ទុះក្រោយមក ស្រាប់តែមាន ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់លួចកម៉ូតូ របស់គ្រោះហើយបានបណ្ដើរ ក៏ត្រូវជនរងគ្រោះរត់ដេញតាមពីក្រោយហើយបានស្រែកថា ជួយចាប់ចោរ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ជនសង្ស័យ ក៏បានរត់មកដល់មុខសាកលវិទ្យាល័យបៀលប្រាយ តាមបណ្ដោយផ្លូវព្រះសីហនុ ក៏ត្រូវប្រជាពលរដ្ឋលឺស្រែកថា ចោរៗក៏បានចាប់វាយម្នាក់១ដៃ១ជើងយ៉ាងចាស់ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមច្បាប់។
ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ប្រគល់ឲ្យទៅម្ចាស់វិញផងដែរ ៕ ស រស្មី