ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកខ្សែក្រវាត់រឹតកប្លន់អ្នករត់ម៉ូតូឌុបយកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យយកខ្សែក្រវាត់រឹតក ប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីម៉ោងជិត៥រសៀល ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្រោយភោជនីយដ្ឋានបឹងមាស ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹហថា បុរសរងគ្រោះខាងលើមានឈ្មោះ តុ វុធធាន អាយុ៤៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុបស្នាក់នៅ បន្ទប់ជួលភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ចំណែកម៉ូតូដែលជនសង្ស័យរឹតក យកទៅនោះម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខព្រៃវែង 1l-2682។

សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានឲ្យជនរងគ្រោះឌុបពីម្តុំក្លឹបអុិចធូរ មានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកដល់កន្លែងកើតហេតុខាងលើ ខណៈដឹកជនសង្ស័យមកដល់កន្លែងកើតហេតុក៏បានធ្វើសកម្មភាពយកខ្សែក្រវ៉ាត់រឹតក ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេចរួចគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ និងកំណត់មុខសញ្ញាស្វែងរកចាំខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕ ជ្រោយពេជ្រ


ចែករំលែក៖