ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបើកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនរងរបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់បានរងរបួស ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ខណៈដែលជិះម៉ូតូមិនប្រយ័ត្នត្រង់ចំណុចបំបែកជាបួន ហើយបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១០៧ កែងផ្លូវលេខ២១៧ ក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ កណ្ដាល1C-7692 ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ២១៧ (ហ្សាលដឺហ្គោល) ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវលេខ១០៧ (ផ្លូវសុខហុក) ក៏ជ្រុលបុកជាមួយម៉ូតូម៉ាកស្កូបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BH-4422 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ទិសដៅពីត្បូងមកជើង​ពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់។

ក្រោយពីកើតហេតុភ្លាមៗ រថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំនែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖