ខេត្តស្វាយរៀង៖ ស្ត្រីវ័យចំណាស់ម្នាក់ដើរថ្មើរជើងឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងមកបុករងរបួសធ្ងន់ ស្រាល២នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង កាលពីថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦និង១៥ នាទី ប្រលប់ ស្ថិតនៅលើផ្លូវលេខ ៣១៤C ភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់កាសែតនគរវត្តថា ស្ត្រីរងរបួសធ្ងន់ឈ្មោះ តាំង សុកុន អាយុ ៥៧ ឆ្នាំ រស់នៅ ភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ចំណែកអ្នកជិះម៉ូតូម៉ាក city ពណ៌ ក្រហម ពាក់ស្លាកលេខ កធ១.ខ. ១០៥៨ បើកបរឈ្មោះ សេង សាក់ពៅ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។
សាក្សីថា ស្ត្រីចំណាស់ដើរឆ្លងថ្នល់ពីកើតទៅលិច ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឺង បណ្ដាលឲ្យស្ត្រីខាងលើស្រែកផ្អើលអ្នកភូមិតែម្ដង។
សមត្ថកិច្ចនគរបាលបានមកដល់វាស់វែងយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យឯកជន និងអូសយកមធ្យោបាយមករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន