ខេត្តកំពង់ឆ្នាំង ៖ មុខសញ្ញាចោរកាច់សោ ក ម៉ូតូនៅ ខេត្តកំពង់ឆ្នាំងអស់លក្ខ ត្រូវសមត្ថកិច្ចនគរបាល ខេត្ត ក្រុង និង ស្រុកប្រដេញព័ទ្ធចាប់បាន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូនៅ ស្រុកបរិបូរណ៍ ចូលមកក្រុងកំពង់ឆ្នាំង ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិអណ្តូង ឃុំត្នោត ស្រុកមេសាង ខេត្តព្រៃវែង និងស្នាក់នៅបណ្តោះអាសន្ន នៅផ្ទះសំណាក់ទឹកល្អក់២ក្រុងភ្នំពេញ ចំណែកម្ចាស់ម៉ូតូរងគ្រោះ មានឈ្មោះ ហ៊ុយ សុខន អាយុ៣០ឆ្នាំ ភេទស្រី រស់នៅភូមិអញ្ជាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូ បានជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១GO-៦៦១៣ មករៀននៅក្នុងសាលារៀនភាសាកូរ៉េកាបែង ស្ថិតនៅក្នុងភូមិពន្លៃ ដោយបានចាក់សោ.កម៉ូតូ ទុកចោលក្នុងបរិវេណសាលា មួយសន្ទុះក្រោយមកក៏បានបាត់ម៉ូតូពីក្នុងសាលា ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងពេលនោះ សមត្ថកិច្ចនគរ បាល ស្រុកបរិបូរណ៍ បានប្រដេញម៉ូតូរបស់ជនសង្ស័យ រហូតមកដល់ ឃុំស្វាយជ្រុំ កាច់ចូលមកក្នូងភូមិសាស្រ្តសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ហើយបានដាក់កម្លាំងដេញត្រឡប់ឡើងទៅផ្លូវជាតិ រួចជនសង្ស័យបានទុកម៉ូតូចោលរត់ចូលក្នុងព្រៃតែម្តង ហើយក៍ត្រូកម្លាំងសមត្ថកិច្ចព័ទ្ធចាប់បានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេបានលួចម៉ូតូចំនួន៤លើកហើយ នៅពេលនេះសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា