ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័ដល់ផ្លូវបំបែកជា៣ត្រូវរថយន្តបុករងរបួសបាក់ភ្លៅ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ត្រូវបានអ្នកភូមិជួយដឹកមកកាន់ពេទ្យ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងម៉ូតូបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹង នៅចំណុចផ្លូវបំបែកជាបីនៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក នៅលើផ្លូវក្រាលក្រួសក្រហម ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយនគរវត្តដឹងថាអ្នកបើកម៉ូតូឈ្មោះ គង់ ចំប៉ា អាយុ54មុខរបរកសិករមានទីលំនៅភូមិពោធិ៍ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តរត់គេចខ្លួនក្រោយកើតហេតុត្រូវបានស្គាល់ឈ្មោះមាន សាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិកោះឫស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

បន្សល់រថយន្តម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D 2848នៅនិងកន្លែង។

តាមសាក្សីថា បុរសម្នាក់ជិះម៉ូតូហុងដាសេ 125 ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង1I 3180 ប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័ដល់(ផ្លូវបំបែកជាបី)ស្រាប់តែមាន ក៏មានរថយន្តមួយគ្រឿង ព៌ណស ពាក់ស្លាកលេខភ្នំពេញ3D 2848ធ្វើដំណើរពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឺងបង្កការភ្ញាក់ផ្អើល។

សមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុបញ្ជូនបុរសរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយរៀងភ្លាមៗ។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា មូលហេតុ អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័ទើបជួបករណីនេះកើតឡើងព្រមទាំងវាស់វែង និងអូសវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕ យឹម សុថាន


ចែករំលែក៖