ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះបន្តចុះរុះរើផ្ទះពលរដ្ឋ និងឡធ្យូង ខណៈសន្យាមិនទាន់ដោះស្រាយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកភ្នំក្រវាញប្រមាណជិត ៣០នាក់បន្តចុះកម្ទេចផ្ទះប្រជាពលរដ្ឋនៅតំបន់ហាមឃាត់ និងឡធ្យូងអនាធិបតេយ្យ ខណៈតំបន់ខាងលើគណៈបញ្ជាការឯកភពខេត្តពោធិ៍សាត់ សន្យាដោះដូរដីប៉ុន្តែនូវមិនទាន់បានដោះស្រាយនៅឡើងនោះ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចវាល១ វាល២ ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចម្រុះចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ កម្ទេចឡធ្យូងចំនួន ១០ឡ រុះរើផ្ទះចំនួន ០៤ខ្នង និងបានធ្វើការអប់រំដល់ពួកគាត់ដោយមានកិច្ចសន្យាផងដែរ ហើយសូមបញ្ជាក់ផងដែរនេះជាប្រជាពលរដ្ឋថ្មីផ្សេងទៀតពីប្រជាពលរដ្ឋចំនួន ៩៥គ្រួសារ ដែលធ្លាប់បានធ្វើកិច្ចសន្យាដោះដូរទីតាំងរស់នៅ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយនោះទេ ស្រាបតែលេចមុខអ្នកថ្មីៗផ្សេងៗមកទៀតបែបនេះទៀត។

គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅតំបន់ដីព្រៃដៃគូរសំរោង ត្រង់ចំណុចវាល១ និងវាល២ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ខាងលើនេះ លោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចកងកម្លាំងប្រដាប់ដោយអាវុធ បានចុះវះកាត់ដំបៅមហារីកវិវាតយកដីព្រៃ(ដីព្រៃដៃគូរសំរោង)នេះ បានកើតមានជាយូរមកហើយបើទោះបីសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធចុះទប់ស្កាត់ ក្រោយសារព័ត៌មានក្នុងស្រុកបានធ្វើការចេញផ្សាយជាញឹកញាប់មកនោះ ជាលទ្ធផល៖ គេមើលឃើញ និងរកឃើញផ្ទៃដីវាលដែលរងការឈូកឆាយព្រៃច្រើនហិកតា មានដំណាំហូបផ្លៃដូចជា ចេក ល្ហុង។ល។ និងដំណាំកសិកម្មដូចជា សណ្ដែក ពោត ដំឡូងជាដើម មានផ្ទះតូចធំ មានពលរដ្ឋស់នៅរាយប៉ាយសរុបប្រមាណចំនួន ៩៥គ្រួសារ មានចំនួន ៧០គ្រួសារ មកពីតាមបណ្ដាស្រុកនានានៃខេត្តពោធិ៍សាត់ និងចំនួន ២៥គ្រួសារផ្សេងទៀតមកពីខេត្តផ្សេងៗដូចជា ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង កំពត និងកណ្ដាលផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថាក្នុងនោះត្រូវបានគេដឹងដែរថា ប្រជាពលរដ្ឋទាំងអស់ពួកគាត់បានមកស្នាក់នៅ និងកាប់រុករានដីព្រៃនេះ តាមរយៈមេខ្យល់ឬមកសំណាក់ស្នាក់នៅដើម្បីអារឈើដល់យូរៗក៏ក្លាយជាបែបនេះ ហើយក៏អាចមានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរខ្លះៗផងដែរ រហូតថែមទាំងមានមនុស្សជាប់ពន្ធនាគារទៀតផងដែរ។

ដូច្នេះបញ្ហាខាងលើនេះ ទើបលោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្រេចវះកាត់ដោយតំរ៉ូវឲ្យប្រជាពលរដ្ឋចំណាកស្រុកទាំងចំនួន ២៥គ្រួសារ មកពីតាមបណ្ដាខេត្តនានាដូចបានរាបខាងលើ ចាប់ផ្ដើមរុះរើផ្ទះសម្បែងពីពេលនេះរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ពុំដូច្នេះទេនឹងអនុវត្តច្បាប់តាមនីតិវិធី ចំណែកប្រជាពលរដ្ឋចំនួន ៧០គ្រួសារ នៅក្នុងមូលដ្ឋានរដ្ឋបាលខេត្តពោធិ៍សាត់ ក៏រុះរើបន្តបន្ទាប់គ្នានោះដែរ ហើយថ្នាក់ខេត្តនឹងរកដីសាមទានសេដ្ឋកិច្ចដើម្បីដោះដូរជូន ចំពោះដំណាំដាំដុះអាចចេញចូលប្រមូលផលបាន នៅពេលប្រមូលផលរួចរាល់ហើយនោះនឹងមិនមានវត្តមានទៀតឡើយ។

ករណីខាងលើគេឃើញប្រជាពលរដ្ឋទាំងអស់ ទះដៃព្រោងឯកភាពនឹងទទួលយក និងអនុវត្តរៀងៗខ្លួន ប៉ុន្តលទ្ធយ៉ាងណានោះយើងមិនដឹងនៅឡើងដូចគ្នា៕ ប៉ឹម ពិន


ចែករំលែក៖