ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ មូលនិធិអារ៉ាប៊ីសាអូឌីត កំពុងពិនិត្យលើការផ្តល់ជំនួយហិរញ្ញប្បទាន លើវិស័យសំខាន់ៗ មួយចំនួននៅកម្ពុជា តាមរយៈមនុស្សធម៌ ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់បែបនេះ ខណៈលោកទទួលជួប ពិភក្សាការងារ ជាមួយ គណៈប្រតិភូមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ(SFD )ដឹកនាំដោយ លោក យូសូហ្វ អ៊ីប្រាហ៊ីម អាល់ប៉ាស្សាម ជាវិស្វករ និងជាអគ្គនាយកមូលនិធិ ក្នុងឱកាសដែលលោក ដឹកនាំគណៈ ប្រតិភូ មកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៏ ៩កើត ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៥ មករា ឆ្នាំ២០១៨ នៅវិមានសន្ដិភាព ។
តាមការបញ្ជាក់របស់ លោក យូសូហ្វ អ៊ីប្រាហ៊ីម អាល់ប៉ាស្សាម បានបញ្ជាក់ថា៖ មូលនិធិអារ៉ាប៊ីសាអូឌីតSFD បង្កើតឡើងតាំងពីឆ្នាំ ១៩៧៥ដែលផ្ដើមថវិកា៣១ ពាន់លានរី យ៉ាល ប្រមាណជាង ៨ពាន់លានដុល្លារ។
លោកបញ្ជាក់ទៀតថា៖ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណង រួមចំណែក ផ្តល់ជំនួយហិរញ្ញប្បទានគម្រោងអភិវឌ្ឈន៍នៅតាមប្រទេសកំពុងអភិវឌ្ឈន៍ តាមរយៈជំនួយ កម្ចី ជំនួយបច្ចេកទេស ដែលមកដល់បច្ចុប្បន្ន SFD បានផ្ដល់ ថវិកា៥១,៤៤៥.៦៩ លានរីយ៉ាល ប្រមាណជាង១៣ពាន់លាន ដុល្លារ នៅ៨២ប្រទេស មាន៦០៩ គម្រោងក្នុងនេះមាននៅអាស៊ី ២៩ ប្រទេស ដែលមាន ប្រទេសអាស៊ាន៦ប្រមាណជាង ៥៧៧លានដុល្លារ រួមមានៈឥណ្ឌូណេស៊ីជាង២៩៧ លានដុល្លារ, វៀតណាមជាង១១៣លានដុល្លារ, ម៉ាឡេស៊ីស្មើនឹងជាង ១០០លានដុល្លារ, ប្រទេសថៃជាង៤៦ លានដុ ល្លារ,ហ្វីលីពីនជាង២០លានដុល្លារ, មីយ៉ាន់ម៉ា ជាង៨០ ម៉ឺនដុល្លារ។
លោកអគ្គនាយក SFD បានចាត់ទុកកម្ពុជាគឺជាប្រទេសគោលដៅលេខរៀងទី៨៣ ក្នុងបេសកកម្មផ្តល់ជំនួយហិរញ្ញប្បទាន ដែលគោលការណ៍ចម្បងគឺ SFD ផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន សំណង់អាគារផ្សេងៗ និងបរិក្ខាប្រើប្រាស់ចាំបាច់ នៃវិស័យនានា ។
លោក ផ្តាំផ្ញើគារវកិច្ចសួរសុខទុក្ខ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបញ្ជាក់ពីគោលជំហរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងគោលដៅឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ឋ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជំនួបពិភា ក្សា រវាងភាគីកម្ពុជា និងអារ៉ាប៊ីសាអូឌីតពេលនេះ គឺដើម្បីសិក្សាពីគម្រោងចាំបាច់មួយចំនួន និងពិនិត្យលទ្ឋភាពផ្តល់ជំនួយហិរញ្ញប្បទានដល់ភាគីកម្ពុជា ក្រៅពីលោកទទួលជួបដោយផ្ទាល់នៅវិមានសន្តិភាព លោកក៏បានរៀបចំឲ្យមានជំនួបពិភាក្សាការងារជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ឋសំខាន់ៗ មួយចំនួនរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួង ធម្មការនិងសាសនា ក្រសួងការងារនិងបណ្តុះបណ្តុះ បណ្តាល វិជ្ជាជីវៈក្នុងនោះដែរក៏មានរៀបចំអោយមានជំនួបនៅមូលនិធិអភិវឌ្ន៍មុស្លិមកម្ពុជា ដើម្បីពិនិត្យលទ្ឋភាពដែលអាចផ្តល់ជំនួយផ្នែកណាមួយជូនសហគមន៍ខ្មែរឥស្លាមផងដែរ។
ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ ក៏បាន ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលកំពុងបំពេញបេសកកម្មផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ។
លោកក៏បានថ្លែង អគុណ ដល់គណៈប្រតិភូ ដែល បានចំណាយពេលវេលា ដ៏មានតម្លៃ អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំក្រសួង នៃព្រះរាជា ណាចក្រកម្ពុជា ដែលនេះគឺការបោះជំហានទៅមុខជាមួយ នឹង កិច្ចសហប្រតិបត្តិការទ្វេរភាគី អោយកាន់តែរឹងមាំ និងយូរ អង្វែងបន្តទៀត៕ សំរិត