ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជនរងគ្រោះបានយកអាំងវិចទ័រ ទៅឆក់ត្រីតាមបឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨ព្រឹក ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចបឹងរូង ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលឆក់ និងអាំងវិចទ័រឆក់ត្រី មានឈ្មោះ សួនរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុខាងលើ ។
ស្រ្តីឈ្មោះ អាត ទុំ អាយុ២១ឆ្នាំ ត្រូវជាប្រពន្ធ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលើកើតហេតុ បុរសជាប្តីរបស់គាត់បាន កាន់អាំងវិចទ័រដើម្បីទៅរកឆក់ត្រីនៅតាមបឹង ត្រពាំង រហូតដល់ម៉ោងប្រមាណជា៤ហើយ បុរសជាប្តីបាត់មិនឃើញមកផ្ទះដូចសព្វដង មានការងឿងឆ្ងល់ ក៏ហៅគ្នីគ្នាដើរកតាមព្រៃរនាម ក៏បានប្រទះឃើញជនរងគ្រោះបានដេកស្លាប់នៅក្បែរអាំងវិចទ័រឆក់ត្រី រួចក៏នាំគ្នាសែងមកផ្ទះ និង រាយការណ៍ជូនទៅសមត្ថកិច្ចតែម្តង។
តាមការពិនិត្យសាកសព សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ គឺស្លាប់ដោយសារឆក់អាំងវិចទ័រ មិនមែនជាករណីឃាតកម្មនោះឡើយ ។ ក្រោយពីត្រួតពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមទំនៀមទម្លាប់ ៕ ចន្ថា