ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនបុរសម្នាក់យកលុយដុល្លារក្លែងក្លាយជិត៣០០០ដុល្លារមកបន្លំទិញឥវ៉ាន់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមកា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់យកលុយដុល្លារក្លែងក្លាយជិត៣០០០ដុល្លារមកបន្លំទិញឥវ៉ាន់នៅក្រុងតាខ្មៅ បណ្តោះអាសន្នដាក់ពន្ធនាគារ ពីបទ”ដាក់ឲធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយបណ្ណក្លែង” ប្រព្រឹត្តនៅក្នុងភូមិភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៦៤៧ នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះកំណត់ការផ្តន្ទាទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់) ឆ្នាំ។ ជនត្រូវចោទមានឈ្មោះ សឺ ប៊ុនទ្រី ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវ២៧៤ សង្កាត់បឹងព្រលឹត ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមជម្រាបថា៖ បុរសខាងលើយកប្រាក់ដុល្លារក្លែងក្លាយបន្លំទិញឥវ៉ាន់ ត្រូអាជីវករប្ដឹងឲ្យចាប់ខ្លួន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលក់ភេសជ្ជៈ ស្ថិតក្នុងភូមិភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានឲ្យដឹងថាក្នុងការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូត រថយន្ត១គ្រឿងម៉ាកTOYOTA pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1163 , ប្រាក់ដុល្លារក្លែងក្លាយចំនួន២,៧០០ដុល្លារ , ប្រាក់ដុល្លារពិតប្រាកដចំនួន២៩ដុល្លារសហរដ្ឋអាមេរិក , ប្រាក់រៀលចំនួន១០២,៨០០រៀល , ស្រាបៀរABCចំនួន៣កេស , ប្រេងសាំងចំនួន១ប៊ីដុង មានចំណុះ៣០លីត្រ , អាគុយម៉ាកROCKETចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកLG ពណ៌ស ។

ក្រោយឃាត់ខ្លួនរួជមក ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូន រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលក្រុង ហើយបញ្ជូនបន្តទៅកាន់តុលាការវិនិច្ឆ័យទោសតាមច្បាប់តែម្តង ៕ ឆ ដា


ចែករំលែក៖