ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជង់យកទូរស័ព្ទអាយហ្វូនពីស្ត្រីម្នាក់ ទៅលាក់លើដើមត្នោត ព្រឹកឡើងនគរបាលចាប់ជាប់

ចែករំលែក៖

ខេត្តបាត់ដំបង: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈយកកំប៉ុងគោជល់ពត់ឲ្យស្រួចរួចយកទៅភ្ជង់ស្ត្រីម្នាក់សំឡុតចាក់សម្លាប់យកទូរស័ព្ទ ម៉ាកអាយហ្វូនហ្វាយអេស ពណ៌មាស១គ្រឿងបានសម្រេច។

លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់ថាសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនបុរសនេះ កាលពីថ្ងៃពុធ ៨កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ ស្ថិតក្នុងភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត បន្តថា ជនសង្ស័យមានឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ចំណែកជនរងគ្រោះឈ្មោះ ញ៉ុក វលក្ខ័ ភេទស្រី អាយុ២១ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា។

បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យរួចមក នៅ ម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ដើម្បីទៅរកទូរស័ព្ទរបស់ជនរងគ្រោះយកមកវិញ បន្ទាប់ពី ជនសង្ស័យរូបនេះយកទៅ នៅលើដើមត្នោត១ដើម ខាងលិចភូមិចម្ងាយ២ម៉ែត្រ ពីកន្លែងដេករបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវនាំយកមកកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕ សហការី


ចែករំលែក៖