ភ្នំពញ៖ នារីរូបស្រស់ម្នាក់បានខ្ចីម៉ូតូបុរសម្នាក់ថា ទៅមើលប្តីឃុំខ្លួន ហើយបានជិះទៅបាត់រហូតមិនឃើញមកវិញអស់រយះពេល១សប្តាហ៍ ទើបជនរងគ្រោះប្រទះឃើញ ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួន ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមកា ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយបាននាំ ខ្លួនទៅចូលប៉ុស្តិ៍កាកាប១ ប្រគល់ឲ្យនគរបាលចាត់ការតាមនីតិវិធី ។
ជនរងគ្រោះឈ្មោះ ហេងបូរិន ភេទប្រុស ស្នាក់នៅផ្ទះជួលក្នុងភូមិគោកជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យខ្ចីជិះហើយយកទៅបាត់រហូតនោះម៉ាក Suzuki let’s ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1FT-4616។ ចំណែកជនសង្ស័យឈ្មោះ វ៉េត ស្រីលីន អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទើបតែមកលួចស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យ បានខ្ចីម៉ូតូរបស់គាត់ដោយ ប្រាប់ថា ទៅមើលប្តីជាប់ឃុំ នៅខណ្ឌពោធិសែនជ័យ ។ គ្រានោះ ដោយនឹកឃើញថា ស្គាល់គ្នាក៏ឲ្យខ្ចី ហើយជនសង្ស័យក៏ជិះម៉ូតូទៅបាត់រហូត លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះ ជនរងគ្រោះបានឃើញជនសង្ស័យ ក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួននៅប៉ុស្តិ៍នគរបាលកាកាប១ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ សុខាសែនជ័យ