ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋ១០គ្រួសាររស់នៅ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពស្ពឺបានបញ្ចេញប្រតិកម្មចំពោះ ក្រុមហ៊ុន ភឺន ផល្លា ដែលបានលួចកាយ យកអាចម៍ដីលក់និងជំពាក់លុយថ្លៃដីប្រជា ពលរដ្ឋចំនួន១០គ្រួសារមិនព្រមសង ។
លោកស្រី ហេង គឹមអេង អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គតាឡឹក ឃុំ សំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែល ជាម្ចាស់ដីចម្ការហើយត្រូវក្រុមហ៊ុន ភឺន ផល្លា កាយយកអាចម៍ដីរបស់គាត់បាន រៀបរាប់ប្រាប់អ្នកសាព័ត៌មានថា ដីចម្ការ របស់គាត់មានទីតាំងនៅខាងជើងភូមិអង្គតាឡឹកចម្ងាយ៣០០ម៉ែត្រដែលត្រូវក្រុមហ៊ុន ភឺន ផល្លា យកគ្រឿងចក្រជាច្រើន គ្រឿងមកកាយយកអាចម៌ដីទាំងយប់ទាំងថ្ងៃមានជម្រៅចំនួន១២ម៉ែត្រ មានក្បាល ដីលេខ៧៦៦ មានទំហំ២.៦២៦ ម៉ែត្រការ៉េ មានវិញ្ញបនបត្រសម្គាល់អចលនទ្រព្យត្រឹមត្រូវ (ប្លង់រឹង)។
ប្រភពដដែលបានបន្តថា ដីរបស់គាត់ មិនបានលក់ឲ្យក្រុមហ៊ុន ភឺន ផល្លានោះទេ ព្រោះប្លង់ដីគាត់បានដាក់ខ្ចីលុយមីក្រូហិរញ្ញវត្ថុដើម្បីយកទៅមើលជំងឺទៅហើយ។ គាត់បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន ភឺន ផល្លា ទៅសាលាដំបូងខេត្តកំពង់ស្ពឺពីបទ លូចកាយយកអាចម៍ដីរបស់គាត់ដោយ ទាមទារសំណងជម្ងឺចិត្តចំនួន៣០.០០០ ដុល្លាអាមេរិក។ រីឯប្រជាពលរដ្ឋចំនួន៩ គ្រួសារផ្សេងទៀតរស់នៅភូមិអង្គតាឡឹកនេះដែរក៏មានប្រតិកម្មចំពោះក្រុមហ៊ុនភឺនផល្លា ដែលទិញដីរបស់ពួកគាត់កន្លងទៅ នៅជំពាក់លុយសងមិនទាន់គ្រប់ ។
ទាក់ទិនជុំវិញបញ្ហាខាងលើនេះនគរ វត្តមិនអាចសុំការបំភ្លឺពីលោកឧកញ៉ា ភឺន ផល្លា តាមទូរស័ព្ទបានឡើយ។ ចំណែក លោក អិច វី ប្រធានភូមិអង្គតាឡឹកបានឲ្យ ដឹងថា ក្រុមហ៊ុន ភឺន ផល្លា នេះពិតជាបាន ទិញដីនៅចំណុចខាងលើនេះមែន ហើយពិតជាបានទិញដីប្រជាពលរដ្ឋនៅភូមិអង្គ តាឡឹកនេះមែន ហើយបានឲ្យលុយគ្រប់ខ្លះ និងមិនគ្រប់ខ្លះមែន ។
លោក ជួប វឿន មេឃុំសំបូរបានឲ្យ ដឹងថា ក្រុមហ៊ុន ភឺន ផល្លានេះបានទិញដីប្រជាពលរដ្ឋនៅភូមិអង្គតាឡឹកប្រាកដមែន ហើយការទិញដូរនោះក្រុមហ៊ុនបានឲ្យ លុយគ្រប់ខ្លះមិនគ្រប់ខ្លះមែន។ ក្រុមហ៊ុននេះបានកាយយកអាចម៍ដីដែលមាន ជម្រៅចុះក្រោមចំនួន១២ម៉ែត្រជ្រៅលើសពីច្បាប់កំណត់ ។
កន្លងទៅរូបលោកជាមេឃុំ និងលោក ស៊ីម រតន: អភិបាលស្រុកសំរោងទងធ្លាប់ បានហៅក្រុមហ៊ុននោះមកធ្វើកិច្ចសន្យា ម្តងរួចមកហើយ និងឲ្យខាងក្រុមហ៊ុនដោះ ស្រាយរឿងលុយកាក់ដែលនៅជំពាក់ ប្រជាពលរដ្ឋកន្លងមកដោយកិច្ចសន្យានោះ បានធ្វើធ្វើតាំងពីដើមខែធ្នូឆ្នាំ២០១៧មកម្លេ៉ះតែភាគីខាងក្រុមហ៊ុន ភឺន ផល្លានៅតែ បន្តលួចកាយយកអាចម៍ដី និងនៅតែមិនព្រមសងលុយដែលជំពាក់ប្រជាពលរដ្ឋ ដដែល ។
លោក ស៊ីម រតនៈ អភិបាលស្រុក សំរោងទងបានឲ្យដឹងថា ក្រុមហ៊ុន ភឺន ផល្លានេះបានកាយដីដែលមានជម្រៅជ្រៅ ពិតមែនលោកបានរាយការណ៍ជូនថ្នាក់ ខេត្តរួចហើយ។ ការងារនេះនៅលើផ្នែក មន្ទីររ៉ែ និងថាមពលទើបអាចបញ្ឈប់ក្រុមនេះបាន។ លោកបានបន្តថា រឿងក្រុម ហ៊ុនភឺន ផល្លានេះនៅខ្វះលុយថ្លៃទិញដី នោះលោកបានប្រគល់ភារកិច្ចនេះទៅឲ្យលោកមេឃុំសំបូរជាអ្នកដោះស្រាយ ។
ពាក់ព័ន្ធបញ្ហាចម្រូងចម្រាស់ខាងលើ អ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាមទូរស័ព្ទសុំការបំភ្លឺពីជុំវិញបញ្ហា ខាងលើនេះបានឡើយ(ទូរស័ព្ទចូលគ្មានអ្នកលើក)។ ចំណែកលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏មិនអាចទាក់ទង បានដែរ ៕ ហេង សូរិយា