ព័ត៌មានទាន់ហេតុការណ៍៖

ដោះដូរអំពូលភ្លើងទាំងខ្លួនសើមមិនប្រយ័ត្នត្រូវឆក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗចោលប្រពន្ធ និងកូន បន្ទាប់ពីដោះដូរអំពូលភ្លើងទាំងខ្លួនសើម មិនប្រយ័ត្ន ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី ស្ថិតនៅផ្ទះរបស់ជនរងគ្រោះក្នុងភូមិត្បាច ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

នគរបាលស្រុកសំរោង បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ អ៊ឹម រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើ នគរបាលដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានត្រឡប់មកពីស្រែប្រាំងវិញ ឃើញអំពូលនៅក្រោលគោដាច់ ក៏ទៅដោះដូរទាំងខ្លួននៅសើម ភ្លាមនោះ ក៏ត្រូវចរន្តអគ្គិសនីឆក់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកសំរោង បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលជើងគួន ចុះទៅពិនិត្យសាកសពជនរងគ្រោះឃើញថា ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖