ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូរបស់បងស្រីខ្លួនឯងយកទៅបញ្ចាំត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ឆ្លៀតឱកាសដែលបងស្រីរបស់ខ្លួនរវល់ធ្វើកម្មវិធីសូត្រមន្ដ បានសកម្មភាពលួចយកម៉ូតូរបស់បងស្រីខ្លួនឯងយកទៅបញ្ចាំនៅខេត្ដកំពង់ស្ពឺ ចុងក្រោយត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងចាប់ខ្លួន ។

ករណីលួចម៉ូតូខាងលើកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១៥នាទី ស្ថិតក្នុងភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យី សុខ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាងឃុំដើមឫសស្រុកកណ្តាលស្ទឹងខេត្តកណ្តាល (ត្រូវជាប្អូនប្រុសបង្កើតជនរងគ្រោះ) រីឯជនរងគ្រោះឈ្មោះ យី ចាននី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅសង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ (ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ) ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ូគីស្មាស់វី ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CL-6992 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្រ្ដីរងគ្រោះបានធ្វើពិធីសូត្រមុនឲ្យឪពុករបស់ខ្លួន ដែលបានទទួលមរណៈភាពជាច្រើនថ្ងៃមកហើយ ក្នុងថ្ងៃនោះដែរស្រ្ដីរងគ្រោះបានយកម៉ូតូរបស់ខ្លួននៅផ្ទះកម្មវិធីសូត្រ ដើម្បីទុករត់ការផ្សេងៗក្នុងពិធីបុណ្យ ។ លុះមកដល់វេលាម៉ោង១៣និង១៥នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែជនសង្ស័យសង្ស័យជាប្អូនបានឃើញម៉ូតូរបស់បងស្រីទុកចោលនិងមានសោរនៅជាប់ម៉ូតូផងនោះ ក៏ធ្វើសកម្មភាពលួចយកម៉ូតូជិះចេញទៅក្រៅ ដើម្បីយកទៅបញ្ចាំ ។ ចំណែកឯស្រ្ដីរងគ្រោះឃើញជនសង្ស័យជិះម៉ូតូដោយមិនឃើញត្រឡប់មកវិញ ក៏តេទូរស័ព្ទតែជនសង្ស័យមិនព្រមទទួលទួរស័ព្ទជនរងគ្រោះទេ ។ លុះរហូតមកដល់ថ្ងៃទី២០ ខែ/ឆ្នាំដដែល ជនសង្ស័យបានបានទូរស័ព្ទមកពន្ធរបស់ខ្លួនឲ្យផ្ញើរលុយចំនួន៣៥០ដុល្លារអាមេរិក ដើម្បីលួសយកម៉ូតូសងបងស្រីវិញ តែប្រពន្ធមិនបានផ្ញើរលុយឲ្យទេឲ្យទៅជនសង្ស័យជាប្ដីនោះទេ ។ មកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្រ្ដីរងគ្រោះបានសម្រេចដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលដើមឬស ដើម្បីជួយអន្ដរាគមន៍ចាប់ខ្លួន ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួចហើយ សមត្ថកិច្ចបានស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ រួចបញ្ជូនជនសង្ស័យមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរបស់បងស្រីខ្លួនទៅបញ្ចាំពិតប្រាកដមែន ដែលខ្លួនយកទៅបញ្ចាំឲ្យទៅឈ្មោះ រស់ សាវី ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិទួលធ្នង់ ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ៣០០ដុល្លារសហរដ្ឋអាមេរិក ។ ភ្លាមនោះផងដែរ សម្ថកិច្ចស្រុកកណ្ដាលស្ទឹងបានសហការជាមួយកម្លាំងជំនាញស្រុកគងពិសី ចុះទៅដល់ទីតាំងបញ្ចាំម៉ូតូ រួចដកហូតម៉ូតូជនរងគ្រោះប្រគល់ឲ្យម្ចាស់ដើមវិញ ។ ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖