ភ្នំពេញ៖ លោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំវក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ បានប្រកាសដកតំណែង(សម្រួលភារកិច្ច) លោកប៊ុន ឡុង ចេញពីប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌឫស្សីកែវ ដោយយោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ និងដីកាបញ្ជូនលេខ១៨៦២ ខន/០១៦ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ របស់ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី។ បើគិតចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ មកដល់វេលានេះ គឺមានរយៈពេលជាង១ឆ្នាំហើយ ដែលលោកប៊ុន ឡុង នៅតែជាប្រធានការិយាល័យដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌឫស្សីកែវដដែល។ មានន័យថា លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ដកលោកប៊ុន ឡុង អត់បានទេ ។
នៅក្នុងលិខិតរបស់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ផ្ញើជូនអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា សំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលខុទ្ទកាល័យសម្តេចបានបញ្ជូនមកក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលសុរិយោដី ឆ្លើយតបបានតាមសំណូមពររបស់ប្រជាពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី«ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» ខ្ញុំស្នើឯកឧត្តមអភិបាលសម្រួលភារកិច្ចលោកប៊ុន ឡុង «ចេញ» ពីប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លិខិតលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា មិនមានប្រសិទ្ធភាពទាល់តែសោះ ត្រឹមតំណែងជាប្រធានការិយាល័យមួយនេះ ។ ប្រភពបានឲ្យដឹងថា លោកប៊ុន ឡុង នៅតែបន្តអង្គុយកៅអីជាប្រធានការិយាល័យដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌឫស្សីកែវយ៉ាងសុខស្រួល រីឯប្រជាពលរដ្ឋរងគ្រោះ ហើយដាក់បណ្តឹងរកកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលក្លាយជាជនរងគ្រោះរស់ក្នុងភាពភ័យខ្លាចទៅវិញ។ គេមិនដឹងថា តើលោកប៊ុន ឡុង មានឥទ្ធិពលធំប៉ុនណា នោះទេ បានជាអាចឈរជើងក្នុងតំណែងជាប្រធានការិយាល័យមួយនេះ។ គេមិនដឹងថា តើលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា បានជ្រាបទេថា ទឹកមាត់របស់លោកសាបដូចទឹកទន្លេ ៕ ហេង សូរិយា