ភ្នំពេញ៖ ក្រោយពីទទួលបានដំណឹងរាយការណ៍ពីសំណាក់ពលរដ្ឋថា មានគេលួចលេងប្រជល់មាន់ភ្លាម លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យក៏បានបញ្ជាដល់មន្ត្រីក្រោមឱវាទនគរបាលប៉ុសិ៍្តចុះបង្ក្រាបតែម្តង ដោយមិនចាំបាច់ទុកស្អែកនោះទេ។
ទីតាំងលួចលេងប្រជល់មាន់បៀ អាប៉ោងនោះគឺស្ថិតនៅក្នុងដីឡូត៍ទុកចោល១កន្លែងស្ថិតនៅក្នុងភូមិចំរើនផល សង្កត់បឹងទំពន់១ ខណ្ឌមានជ័យ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលប៉ុសិ៍្តបឹងទំពន់១បានចុះបង្ក្រាបកន្លែងលេងជល់មាន់ ដែលមានទីតាំងខាងលើនៅរសៀលថ្ងៃពុធ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងបានអាគកចំនួន២ក្បាល ជញ្ជីងថ្លឹងមាន់ចំនួន១ ស៊ុមសម្រាប់ក្រុងមាន់១ និងស្កុតសម្រាប់រុំខ្នាយ១ដុំផងដែរ។ ដោយឡែកមនុស្សមិនដែលចាប់បានម្តងណានោះទេរត់រួចអស់ ហើយទីតាំងនេះលួចលេងម្តងម្កាលតែប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរ ទីតាំងកត់កន្ទុយលេខនៅខាងក្រោយស្នាក់ការប៉ុសិ្តនគរបាលរដ្ឋបាលបឹងទំពន់១ មិនដែលឃើញលោកអធិការខណ្ឌមានជ័យបញ្ជាឲ្យបង្ក្រាបម្តងណា អាចសង្ស័យត្រូវថ្នាំសណ្តំម្ចាស់ទីតាំងកត់កន្ទុយលេខនោះក៏មិនដឹង? ៕ តាឡឹម