ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល និងទាហានការពារព្រំដែនបាញ់សម្លាប់អ្នកការពារព្រៃឈើ៣នាក់រឿងផលប្រយោជន៍ព្រៃឈើ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្នូរកាំភ្លើងអាកាបានផ្ទុះឡើងជាច្រើនគ្រាប់(មិនតិចជាង១០គ្រាប់) បានកើតឡើងនៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃអង្គារ១៤កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបណ្ដាលឲ្យស្លាប់មនុស្ស២នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យ ដែលក្នុងនោះ រួមមាន៖ មន្ដ្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីម្នាក់ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Worldlife Conservation Society (WCS) ម្នាក់ គឺជាប្រធានបទយ៉ាងក្តៅគគុក ក្នុងករណីបង្រ្កាបបទល្មើសព្រៃឈើ ។

ការបាញ់ប្រហារនេះធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសធ្វើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនិង សមត្ថកិច្ចជំនាញនៅតាមអង្គភាពនានា ប្រញាប់ប្រញាល់ រួមសហការគ្នាបើកប្រតិបត្តិការចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុដែលស្ថិតនៅក្នុងព្រៃ នៅចម្ងាយមិនដល់កន្លះគីឡូម៉ែត្រ នៃព្រំដែនកម្ពុជា-វៀតណាម ផងនោះ ។

គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានការបាញ់ប្រហារយ៉ាងខ្លាំងដោយផ្ដើមចេញពីសមត្ថកិច្ចខាងណាឲ្យពិតប្រាកដនោះទេ ខណៈដែលសមត្ថកិច្ចជំនាញ ដាក់ការសង្ស័យជាជំហានដំបូងថាកើតឡើងពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនោះ ។

យ៉ាងណាបន្ទាប់ពីមានហេតុការណ៍នេះកើតឡើង គណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការមួយនេះ បានធ្វើដំណើរចុះទៅកាន់ទីកន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវរកមូលហេតុ និងជនដែលពាក់ព័ន្ធនៃការផ្ទុះអាវុធ រហូតស្លាប់មនុស្សយ៉ាងដូច្នេះ ប៉ុន្ដែលទ្ធផលយ៉ាងណានោះមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ។

នាយកដែនជម្រកសត្វព្រៃកែវសីម៉ា លោក ឌិន ប៊ុនធឿន បានឲ្យដឹងថារឿងហេតុដំបូងដែលបានកើតឡើងនោះ គឺមានជនរងគ្រោះសរុប៤នាក់ ទាំងមន្ដ្រីអាវុធហត្ថ ទាំងមន្ដ្រីឧទ្យានុរក្សរបស់លោក ទាំងបុគ្គលិកអង្គការ WCS និងអ្នកភូមិម្នាក់ទៀត ជិះម៉ូតូ២គ្រឿងចូលទៅល្បាតព្រៃឈើ។ ពេលនោះពួកគេបានពើបជាមួយជនជាតិវៀតណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំបិត និងពូថៅ កំពុងប្រព្រឹត្តិបទល្មើសព្រៃឈើក្នុងតំបន់ខាងលើ ។

ពេលឃើញបទល្មើសបែបនេះ ពួកគេទាំង៤នាក់ ក៏បានរាយការណ៍មកលោក ដែលជានាយកដែនជម្រកសត្វព្រៃកែវសីម៉ា តែលោកបានប្រាប់ទៅវិញថា គ្នាតិចដូច្នេះឲ្យត្រឡប់មកវិញសិន ដើម្បីយកកម្លាំងទៅថែមឈានទៅដល់ការបង្ក្រាប។ នៅពេលដែលជនរងគ្រោះទាំង៤នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់ភូមិផង ក៏រងការបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់៣នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនចូលទៅក្នុងភូមិ។

ទោះយ៉ាងណា លោក ឌិន ប៊ុនធឿន មិនបានបញ្ជាក់ និងមិនហ៊ានអធិប្បាយថា អ្នកបាញ់ប្រហារនោះជានរណាឡើយ បើទោះបីព័ត៌មានខ្លះបានឲ្យដឹងថា ជានគរបាលការពារព្រំដែន និងយោធាការពារព្រំដែន នៅតំបន់នោះក៏ដោយ ។

ចំណែកមន្ដ្រីជាន់ខ្ពស់ម្នាក់នៅខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើប ឲ្យដឹងថា មុនពេលកើតហេតុ មន្ដ្រីកងរាជអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS បានចូលទៅល្បាតក្នុងព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើ ពេលនោះនាយនគរបាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យវរនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លេខ៦២១ បានចេញមកជួបក្រុមមន្ដ្រីទាំងនេះ អាចសង្ស័យថា មកចរចា និងនិយាយគ្នាពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនៅទីនោះ។

សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា ដោយសារតែការចរចា និងនិយាយគ្នាមិនត្រូវ រហូតមានការឈ្លោះប្រកែកគ្នា ហើយក៏មានការផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ។

សមត្ថកិច្ចដដែលនេះ ក៏បានបញ្ជាក់ផងដែរថា អ្នកបាញ់ប្រហារឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ។

ការបញ្ជាក់យ៉ាងដូច្នេះ ក៏វាត្រូវជាមួយនឹងរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដាក់ជូនទៅនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ ដែលថា ករណីផ្ទុះអាវុធនេះបង្កឡើងដោយលោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់នោះ។

ចំណែក របាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី វិញបានបញ្ជាក់ថា ករណីជាអំពើឃាតកម្មគិតទុកជាមុន បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីកងរាជអាវុធហត្ថ (ស្លាប់), ទី២៖ ឈ្មោះ តើន សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ ឈ្មោះ ថុល ខ្នា ជាបុគ្គលិករបស់អង្គការ WCS បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ រីឯអ្នកភូមិម្នាក់បានរត់ពី ការបាញ់ប្រហារនេះរួចខ្លួន។

បើតាមរបាយការណ៍របស់លោក សូ សុវណ្ណ បានបញ្ជាក់ថា ជនរងគ្រោះ សេក វឌ្ឍនា មានស្នាមរបួសដោយគ្រាប់កាំភ្លើង បាញ់ត្រូវ៣គ្រាប់, ជនរងគ្រោះ តើន សុខណៃ ត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ស្លាប់នៅនិងកន្លែង ដោយឡែកជនរងគ្រោះ ថុល ខ្នា ត្រូវមួយគ្រាប់ចំពោះ ធ្លាយពោះវៀនស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏បានរើសសំបកគ្រាប់ AK47 ចំនួន២សំបកផងដែរ។

បើទោះជាអំពើឃាតកម្មបាញ់ប្រហារដ៏សាហាវយង់ឃ្នងពីសំណាក់យោធា និងនគរបាល ការពារព្រំដែន ក្នុងនោះមានទាំងឈ្មោះយ៉ាងពិតប្រាកដយ៉ាងណាក៏ដោយ ។ ប៉ុន្តែនៅថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ច អាជ្ញាធរ ខាងជំនាញ ជាមួយនិងគណៈកម្មាធិការ ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនទាន់បង្ហើបឲ្យដឹងពីលទ្ធផលនៃការស៊ើបស្រាវ ជ្រាវនូវតម្រុយពិរុទ្ធភាពនៃជនដៃដល់នៅឡើយទេ ។ ករណីនេះ ត្រូវបានប្រភពគួរឲ្យទុក ចិត្ត ហើយស្រដៀងគ្នានឹងមន្ត្រីជាន់ខ្ពស់ក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថា មុនពេល កើតហេតុបាញ់ប្រហារ គេបានឃើញវត្តមានលោកមេបញ្ជាការវរៈការពារព្រំដែនគោក លេខ៦២១ មានវត្តមាននៅទីនោះ និយាយជាមួយមន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន មន្ត្រីអង្គ ការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋម្នាក់ទៀត ។ គេពុំដឹងថា ការពិភាក្សា ឬចរចាគ្នា ជុំវិញ រួមគំនិតណាមួយដើម្បីបិទបាំងបទល្មើសព្រៃឈើ ។ ដូច្នេះ អាចមិនត្រូវរ៉ូវគ្នាទើបជាការ បាញ់សម្លាប់ដល់ជនរងគ្រោះទាំង៣នាក់ ដើម្បីបញ្ចៀសព័ត៌មានទាំងនេះបែកការណ៍អំពី សកម្មភាពអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកកាប់ឈើ ក្នុងទឹកដីខ្មែរ ដូចដែលបាន បង្ក្រាបកន្លងទៅនៅតំបន់អូរហ៊ុច ។

គួររំឭកថា មេនគរបាលវរៈការពារព្រំដែនគោកលេខ៦២១ លោក ឡេង សោភណ្ឌ កន្លង ទៅបានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកកាប់ផ្តួលរំលំ ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម ។ ក្នុងនោះ លោក ឡេង សោភណ្ឌក៏បានជួលរថយន្តពីវៀតណាម យ៉ាងតិចចំនួន៣គ្រឿង ប្រភេទកែច្នៃ និងឡាន ប៉ាកុង សម្រាប់ជាមធ្យោបាយដឹកជញ្ជូនឈើហ៊ុបជាមួយឈ្មួញវៀតណាមទាំងនោះយ៉ាង គឃ្លើន ។ មិនតែប៉ុណ្ណោះលោក ឡេង សោភណ្ឌ ថែមទាំងយកលុយពីថៅកែវៀតណាម ដើម្បីរត់ការទៅកាន់សមត្ថកិច្ចជាច្រើនស្ថាប័ន ក្នុងការកាប់បំផ្លាញព្រៃឈើដឹកទៅប្រទេស វៀតណាមពីតំបន់អូរហ៊ុច ។

លោក ឡេង សោភណ្ឌ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត មណ្ឌលគិរី ក្រោយមកប្តូរសមត្ថកិច្ចតុលាការពីសាលាដំបូងខេត្តមណ្ឌលគិរីមកសាលា ដំបូងរាជធានីភ្នំពេញ ។ ប៉ុន្តែដោយអំណាចទឹកប្រាក់ លោក ឡេង សោភណ្ឌ បានប្រើ ប្រាស់អ្នកមានតួនាទីបង្ក្រាបបទល្មើសនិងចុះធ្វើការក្នុងសំណុំរឿងនេះសុទ្ធតែផ្កាយៗនៅ ក្រសួងមហាផ្ទៃ ទើបធ្វើឲ្យលោក ឡេង សោភណ្ឌរួចខ្លួន ហើយមានមុខសាជាថ្មី ទៅចរចា ជនរងគ្រោះ មុនពេលត្រូវបានបាញ់សម្លាប់ដោយយោធា និងនគរបាលវរៈការពារព្រំដែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ចំណុចនេះ ការស៊ើបអង្កេតរបស់សមត្ថកិច្ចអាច មានតម្រុយយ៉ាងច្បាស់ ប្រសិនបើហៅប្រជាពលរដ្ឋម្នាក់ដែលបានគេចខ្លួនពីគ្រាប់កាំភ្លើង រត់ចូលក្នុងភូមិ និងរួចពីសេចក្តីស្លាប់ និងកោះហៅលោក ឡេង សោភណ្ឌ ឬក៏ចាប់បុគ្គល រូបនេះ ការស៊ើបអង្កេតរបស់សមត្ថកិច្ច វាហាក់បង្ហាញឲ្យឃើញនូវពិរុទ្ធភាពក្រុមជនដៃដល់ បានយ៉ាងឆាប់រហ័ស ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សុខ ខេមរា


ចែករំលែក៖