ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយឲ្យយកប្តីចិនក្រែងមានប្រាក់និងមុខមាត់ កូនស្រីគាប់ចិត្តជាមួយកម្មករ

ចែករំលែក៖

ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយដល់សមត្ថកិច្ចប៉ុស្តិ៍សង្កាត់កាកាប១ បន្ទាប់ពីស្ត្រីជាម្តាយបានឡូឡា និងតួចចិត្តយ៉ាងខ្លាំងមិនគួរណាកូនស្រីសំណព្វចិត្តមិនយកប្តីជាជនជាតិចិនតាមបំណងម្តាយ ហើយបែរជាលួចលាក់ ស្រឡាញ់គ្នាជាមួយនឹងកម្មករសំណង់ ដែលមិនសូវមានប្រាក់កាសនោះ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅភូមិប៉ប្រក់ត្បួង សង្កាត់កាកាប១ ខណ្ដពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីម្តាយខាងស្រីបានបង្ខំចិត្តហៅកូនស្រីឲ្យមកបញ្ចេញមតិដោយផ្ទាល់ចំពោះមុខសមត្ថកិច្ចថា តើកូនសម្រេចចិត្តស្រឡាញ់ប្តីជាជនជាតិចិន ឬស្រឡាញ់បុរសជាកម្មករ? ។ ពាក់ព័ន្ធករណីនេះ កូនស្រីឈ្មោះ ទាវ សៀងហៃ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងមានស្រុកកំណើត ភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបាយរាណ៍ ខេត្តកំពង់ធំ បានបង្ខំចិត្ត យកជនជាតិចិន និងបុរសជាកម្មករជាប្តីទាំងពីរ ហើយរឿងនេះ ត្រូវបានលួចលាក់ប្តីមួយជួបពេលយប់ ប្តីមួយទៀតជួបពេលថ្ងៃ ទើបធ្វើឲ្យម្តាយមិនពេញចិត្ត ។ បុរសជាកម្មករ បាននិយាយទាំងមុខក្រៀមក្រំថា ខ្ញុំមិនបង្ខំចិត្តភាគីខាងស្រីទេ ម្យ៉ាងទៀត ការស្រឡាញ់គ្នា ខ្ញុំកើតឡើងដោយចិត្តនឹងចិត្ត មិនមែនចំណងដៃអាពាហ៍ពិពាហ៍ ចាត់ទុកថា មិនមែនជាភរិយាស្របច្បាប់ ប៉ុន្តែខ្ញុំស្រឡាញ់គាត់ដូចជាលក្ខណៈប្តីប្រពន្ធ ដូចគេដូចឯងធម្មតា។ បុរសដដែលបន្តថា ប្រសិនបើភាគីខាងស្រី គាត់គោរពតាមទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាតាមចិត្តម្តាយ ខ្លួនក៏មិនហ៊ានបង្ខំចិត្តភាគីខាងស្រីដែរ មានតែរូបគាត់ទេ សម្រេចចិត្តដោយខ្លួនឯង ។ ដោយឡែកភាគីខាងចិនដែលនៅចំពោះមុខទាំងអស់គ្នា បាននិយាយថា ខ្លួនមិនប្រកាន់ ឬក៏បំបែកបំបាក់ជាមួយនឹងបុរសជាកម្មករនោះទេ បើជ្រុលជ្រួសជាស្រឡាញ់គ្នាហើយ គាត់ក៏សុំដកខ្លួន និងប្រគល់ប្រាក់ចំនួន១១០ ដុល្លារផងដែរ។

ម្តាយខាងស្រី ហាក់ដូចជាមិនពេញចិត្តចំពោះទង្វើរបស់កូនស្រី ស្រឡាញ់បុរសជាកម្មករធ្វើជាប្តី ប៉ុន្តែគាត់ក៏មិនអាចបង្ខំចិត្តពួកគេបានដែរ ពីព្រោះថា សម័យនេះ ពាក្យថា នំធំជាងនាឡិ ត្រូវបានឡេអភិវឌ្ឍន៍ទាន់សម័យទៅហើយ ។ តាមពិតទៅ ក្នុងនាមជាម្តាយបើទោះជាមានគុណសម្បត្តិដ៏ធំធេងក្នុងការផ្តល់កំណើតឲ្យកូន ចិញ្ចឹមបីបាច់ ថែរក្សារហូតដល់ធំដឹងក្តីបានមែនពិត ប៉ុន្តែអាណាព្យាបាលជាឪពុកម្តាយនេះ គួរណាស់តែផ្តល់ឱកាសឲ្យសាម៉ីខ្លួនជ្រើសរើសចំពោះក្តីស្រឡាញ់ដោយខ្លួនឯង ខណៈគាត់ជាកូនស្រីមិនមែននៅរួមរស់ ឬគេងជាមួយឪពុកម្តាយដូចកាលពីពួកគេនៅក្មេងៗនោះឡើយ។ ដូច្នេះ ឪពុកម្តាយអាចឃុំខ្លួនពួកគាត់បាន តែមិនអាចឃុំចិត្តនៃក្តីស្រឡាញ់របស់គាត់បានទេទៅលើភាគីដែលគាត់យល់ឃើញថា ជាម្ចាស់បេះដូង។

អាណាព្យាបាលគួរមានទម្លាប់ផ្តល់ឱកាសឲ្យបុត្រធីតាជ្រើសរើសគូស្រករដោយខ្លួនឯង យើងគ្រាន់តែជាអ្នកផ្តល់ទីប្រឹក្សាតែប៉ុណ្ណោះសម្រាប់ជាព័ត៌មាន ជាដំណឹង ជាការសិក្សាអំពីពូចសវតានៃគូកំណាន់ចិត្តរបស់ពួកគេ ចៀសវាងការខិតឃាំងផ្លូវចិត្តងាយនឹងធ្វើឲ្យបុត្រធីតាកំពុងលង់ខ្លួននឹងការស្រឡាញ់ គិតខ្លី ពេលខ្លះរត់ចាកចោលផ្ទះសម្បែង ខ្លះទៀតបង្ខំចិត្តលេបថ្នាំ ចងកសម្លាប់ខ្លួន សុទ្ធតែជារឿងខ្វះការពិចារណាដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារនីមួយៗ ៕


ចែករំលែក៖