ខេត្តតាកែវ៖ បុរសជាជនជាតិវៀតណាមម្នាក់បានគៀបជាប់នឹងរថយន្ត បន្ទាប់ពី រថយន្តមួយគ្រឿងនោះបែកកង់រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ ដែលហេតុការណ៍នេះកើងឡើងនៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៦-៧៧ ក្នុងភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
នគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា រថយន្តខាងលើម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2V-0284 បើកបរដោយឈ្មោះ សាំង ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិច្រែស ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសស្រាល) នឹងមានអ្នករួមដំណើរជាមួយចំនួនពីរនាក់ ទី០១ ឈ្មោះ ចៅ វេន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រូឡាន នៅភូមិកំពូលមាស ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (មិនរងរបួសអ្វីឡើយ) និងទី២. ឈ្មោះ លឹម វឹងអៅ ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរជាថៅកែចេក នៅភូមិសាសៀ ឃុំមីឌឹក ស្រុកហាទៀង ខេត្តទៀងយ៉ាង ប្រទេសវៀតណាម ជាប់ព្រំដែនកម្ពុជា-វៀតណាម បានស្លាប់នៅកៀបជាប់នឹងរថយន្ត។
នគរបាលដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុរថយន្តខាងលើដឹកចេកពេញ បើកបរមកពីទិសខាងត្បូង លុះបើកបរមកដល់ចំណុចខាងលើបានបែកកង់ក្រោយពីខាងឆ្វេងរួចរេចង្កូតក្រឡាប់ធ្លាក់ទៅលើចិញ្ចើមផ្លូវពីខាងលិច បណ្តាលឲ្យបាក់បង្គោលចំណាំងសុវត្ថិភាពនៅពីខាងលិចផ្លូវចំនួន០៤បង្គោល។
ក្រោយពេលកើតហេតុសម្ថតកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ចំណែកឯសាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តត្រូវបានស្ទូចទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕ ភ្នំដា