ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះចាស់រុះរើចេញសុំច្បាប់សាងសង់ថ្មីបែរជាថ្នាក់ដឹកនាំខណ្ឌចុះផ្អាកទាំងបំពានលើលិខិតអនុញ្ញាតពីសាលារាជធានី

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ១គ្រួសារដែលមានទីលំនៅក្នុងក្រុម៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញបានផ្ញើលិខិតពាក់ព័ន្ធមួយចំនួន មកកាន់ការិយាល័យកាសែតនគរវត្តដើម្បីឲ្យជួយចុះផ្សាយដោយសារតែអស់លទ្ធ ភាពតទៅមុខទៀត ព្រោះតែកាលពីដំបូងឡើយរាជរដ្ឋាភិបាលបានធ្វើការពង្រីក និងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ឲ្យធំទូលាយដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរលើដងផ្លូវនេះ។ ប៉ុន្តែសម្រាប់ គ្រួសាររបស់គាត់បានគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីតាំងពីថ្នាក់ក្រោម រហូតដល់កំពូល និងគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍផ្លូវជាតិលេខ១នេះ ហើយក៏ បានចូលរួមចំណែកបរិច្ចាគ និងកាត់ដី ដែលមានការប៉ះពាល់នោះដើម្បីងាយ ស្រួលក្នុងការពង្រីកផ្លូវជាតិមួយនេះ ។

អ្វីដែលគាត់ស្នើសុំរហូតមកដល់ពេលនេះមិនបានដូចបំណង ហើយលក្ខខណ្ឌ និងពាក្យស្នើសុំបានគោរពច្បាប់ទាំងអស់ របស់អាជ្ញាធរដែនដី តែពេលគាត់រុះរើផ្ទះ ចាស់រួចសុំច្បាប់សាងសង់ថ្មីឡើងវិញនៅលើដីដែលសល់បែរជាអាជ្ញាធរចុះផ្អាក ។

លោក សេង សិទ្ធគុណ និងលោក សេង បញ្ញារិទ្ធ ជាបងប្អូនបង្កើតបានរៀប រាប់ថា “ពីដើមឡើយដីរបស់ពួកខ្ញុំធំ ហើយ វែងតែរដ្ឋត្រូវការអភិវឌ្ឍ ខ្ញុំបានបរិច្ចាគតាមការកំណត់របស់រដ្ឋ ហើយសល់រហូតមក ដល់បច្ចុប្បន្នសម្រាប់សាងសង់លំនៅឋាន ពេលស្នើសុំច្បាប់បែរជាអាជ្ញាធរមិនអនុញ្ញាត ដោយឲ្យទៅសុំច្បាប់បន្តនៅសាលារាជធានីភ្នំពេញ” ។

លោកបានបន្តថា ពេលមកកាន់សាលា រាជធានីភ្នំពេញពួកគាត់បានរៀបចំបែប បទស្នើសុំ ហើយខាងសាលារាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យសាងសង់ឡើងវិញយោងតាមលិខិតលេខ ០១១លសរ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជ ធានីភ្នំពេញ ប៉ុន្តែអាជ្ញាធរខណ្ឌច្បារអំពៅ នៅតែមិនអនុញ្ញាតឲ្យសាងសង់តាមលិខិតសាលារាជធានីភ្នំពេញដដែល។ ករណីនេះ អាជ្ញាធរសំអាងថា ពាក់ព័ន្ធនឹងទំនាស់ជា មួយអ្នកជិតខាង។ ផ្ទុយទៅវិញបញ្ហាទំនាស់ ត្រូវបានដោះស្រាយចប់សព្វគ្រប់តាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥មកម៉្លេះ ។

ម្ចាស់សំណង់បានលើកឡើងថា “ខ្ញុំ គោរពច្បាប់រដ្ឋទាំងការសាងសង់ ទាំងការ ស្នើសុំក៏ដូចជាបញ្ហាពន្លាតជាដើមមាន ចេតនាអនុវត្តតាមអាជ្ញាធរ និងជំនាញ ប៉ុន្តែខ្ញុំមិនទទួលបានយុត្តិធម៌ក្នុងរឿងនេះ សម្រាប់សាងសង់ត្រឹមតែធ្វើឡើងវិញលើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួនដើម្បីជា ជម្រកការស្នាក់អាស្រ័យសម្រាប់កូនមករៀននៅភ្នំពេញ។ ក្នុងនោះខ្ញុំមានចម្ងល់ ផងដែរថា អភិបាលនៃគណៈអភិបាលរាជ ធានីភ្នំពេញគាត់បានយល់ពីបញ្ហានេះច្បាស់ និងអនុញ្ញាតឲ្យខ្ញុំសាងសង់លំនៅឋានវិញដោយមានលិខិតស្នាមជាផ្លូវការ ក្នុងនោះលោកអភិបាលថែមទាំងបានទូរស័ព្ទទៅកាន់អាជ្ញាធរខណ្ឌបញ្ជាក់ឲ្យពួកខ្ញុំបានសង់លំនៅឋានវិញ តែដល់ពេលសាងសង់មិនត្រឹមតែមកឃាត់សំណង់ប៉ុណ្ណោះទេថែមទាំងអះអាងថា ការនិយាយតាមទូរស័ព្ទ របស់អភិបាលរាជធានីភ្នំពេញមិនផ្លូវការ?”។ ពួកគាត់បានបន្តថា បើចាត់ទុកអភិបាល រាជធានីនិយាយតាមទូរស័ព្ទមិនមែនជាផ្លូវការចុះក្នុងនាមអាជ្ញាធរមូលដ្ឋានមានបានយកចិត្តទុកដាក់ទេ ចំពោះលិខិតអនុញ្ញាត របស់អភិបាលរាជធានីភ្នំពេញដែលចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨?

ពាក់ព័ន្ធករណីនេះកន្លងទៅលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅបានប្រាប់នគរវត្តតាមទូរស័ព្ទថា ករណីហាមឃាត់សំណង់ដោយសារមានបណ្តឹងពីអ្នកជិតខាង។ បញ្ហានេះក៏ត្រូវទៅដោះស្រាយជុុំគ្នានៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជ ធានី និងនៅសាលារាជធានីភ្នំពេញ។ ក្នុង នោះលោកអភិបាលខណ្ឌក៏បានបញ្ជាក់ថា រឿងនេះខាងខណ្ឌក៏ត្រូវដាក់សំណើទៅ សាលារាជធានីភ្នំពេញដើម្បីស្នើសុំខាង រាជធានីភ្នំពេញជាអ្នកដឹកនាំមកកំណត់ ទីតាំងនិងពន្លាតដើម្បីសាងសង់ ។

គួររំលឹកថា កន្លងទៅមិនត្រឹមតែអាជ្ញាធរ ខណ្ឌប៉ុណ្ណោះទេចុះឃាត់សំណង់ សូម្បីតែខាងមន្ទីរក៏ចុះឃាត់សំណង់ធ្វើកំណត់ ហេតុទាំងម្ចាស់ទីតាំងមានលិខិតអនុញ្ញាតពីលោក ឃួង ស្រេង ថែមទៀតដោយ សម្អាងថា មានទំនាស់។ ករណីជាក់ស្តែង ពេលម្ចាស់សំណង់បង្ហាញឯកសារផ្លូវ ច្បាប់ លិខិតកាន់កាប់ដីធ្លី លិខិតបញ្ចប់វិវាទ និងលិខិតអនុញ្ញាតពីលោកអភិបាលរាជធានីភ្នំពេញបែរជាខាងអនុប្រធានមន្ទីរ ខាងសំណង់លើកឡើងថា ការឃាត់សំណង់ និងធ្វើកំណត់ហេតុ កាលនោះក្រុមការងាររបស់គាត់មិនបានដឹកថា សំណង់នេះមានលិខិតអនុញ្ញាតពីលោកអភិបាលរាជធានីភ្នំពេញទៅវិញ ។

អ្នកជិតខាងបានសម្តែងនូវការគាំទ្រ ចំពោះឆន្ទៈម្ចាស់សំណង់កាន់កាប់ដីស្របច្បាប់នេះ និងទទួលស្គាល់ថា អាជ្ញាធរក៏ដូច ជាជំនាញហាក់មានចេតនាណាមួយបន្ទច់បង្អាក់ដោយប្រើបច្ចេកទេសជំនាញដើម្បីឲ្យម្ចាស់សំណង់បង្ខំចិត្តលក់ដីនេះក្នុងតម្លៃថោក ទើបបញ្ហានេះចេះតែកើតមានជាបន្តបន្ទាប់ ។

ពួកគាត់បានលើកឡើងថា ម្ចាស់ទីតាំង ជាមន្ត្រីរាជការមានមុខមាត់ឋានៈ តួនាទីក្នុង ស្ថាប័នរដ្ឋដ៏ជាក់លាក់ផងនៅអាជ្ញាធរ និង ជំនាញមានឱកាសគាបសង្កត់ចុះទម្រាំជា ពលរដ្ឋសាមញ្ញធម្មតាវិញ តើពួកគាត់អាចប្រឈមនឹងអំពើអយុត្តិធម៌ ការគាបសង្កត់ តាមរយៈការប្រើអំណាចបច្ចេកទេសជំនាញដើម្បីបង្អាក់សំណង់នេះដល់ម្រិតណា?

ករណីនេះដែរមិនអាចសុំការបំភ្លឺ បាន ទេពីលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌ ច្បារអំពៅកាលពីរសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ តាម ទូរស័ព្ទលោកគ្រាន់តែបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំនៅសាលារាជធានីភ្នំពេញ ៕ ស តារា


ចែករំលែក៖