ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាល ខណៈបើកម៉ូតូទន្ទឹមគ្នាក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នលុះដល់ផ្លូវបំបែកជាបួនក៍មានរថយន្តឡិចស៊ីស១គ្រឿងបើកឆ្លងកាត់ធ្វើឲ្យពួកគេចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យម៉ូតូ និងរថយន្តរងការខូចខាត។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវឧកញ្ញាម៉ុងឬទ្ធី កែងនឹងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូម្នាក់១គ្រឿងទន្ទឹមគ្នាដោយ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-3305 និង១ម៉ាក ហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-5569 តាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុក៍មានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-8267 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងទៅត្បូងបើកឆ្លងផ្លូវហើយដោយអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តខាងលើត្រូវទ្វារចំហៀងខាងស្តាំផ្នែកខាងក្រោយពេញទំហឹង បណ្តាលឲ្យបុរសទាំង២នាក់រងរបួសធ្ងន់ស្រាលតែម្តងហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន។
ចំណែកឯម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងតំណំ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងក្រោយបែកកញ្ចក់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ តុង សីហា