ខេត្តក្រចេះ៖ រថយន្តយីឌុបយ៉ាងតិចចំនួន៤គ្រឿងកំពុងលើកឈើនៅចំណុចប៉ោដើមចេក កា៣ ស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវបានគេដឹងថា ជាឈើរបស់លោកហួត ប៊ុនគីម មេបញ្ជាការយោធាគ៣ ក្នុងនោះ មានកូនទាហានរបស់គាត់យ៉ាងតិចចំនួន៤នាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ យាមកាមកន្លែងលើកឈើ ។ សកម្មភាពលើកឈើនេះបានធ្វើឡើងតាំងពីល្ងាចថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ស្ទួចដាក់ចំនួន២ឡានយីឌុប ហើយឡានទាំងនោះជាឡានរបស់ថៅកែវៀតណាម ហើយនៅព្រឹក ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ រថយន្តយីឌុបចំនួន២គ្រឿងទៀតបន្តចូលលើកបន្ថែម ដែលគេបញ្ជាក់យ៉ាងច្បាស់ថា រថយន្តយីឌុបទាំង៤គ្រឿង និងរថយន្តស្តួចមួយគ្រឿងទៀត គឺជារបស់ជនជាតិវៀតណាមទាំងអស់ គ្រាន់តែលោកហួត ប៊ុនគីម ជាអ្នកប្រមូលឈើទាំងនោះដឹកជញ្ជូនទៅប្រទេសវៀតណាមតាមច្រករបៀងជ័យឃ្លាំង ឬច្រករបៀងដេ១៦ ។
មនុស្សដែលស្និទ្ធនឹងលោកហួត ប៊ុនគីម ហើយកំពុងធ្វើកិច្ចការងារនេះ(លើកឈើ) បានទម្លាយឲ្យដឹងថា តាមគម្រោងលោកហួត ប៊ុនគីម នឹងត្រូវចេញឈើពី៧ ទៅ៨ឡានយីឌុប អាចតាមច្រកជ័យឃ្លាំង និងច្រកដេ១៦ ។ ដោយឡែកសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធនៅទីនោះ ក៏ដូចជាកម្លាំងជំនាញបង្ក្រាបបទល្មើសប្រចាំការនៅទីនោះតែម្តង ហាក់បីដូចជាកំពុងតែលាក់បាំង និងការពារសកម្មភាពឲ្យលោកហួត ប៊ុនគីម ដើម្បីទទួលផលប្រយោជន៍ ក្នុងនោះយ៉ាងតិចក្នុងមួយរថយន្តយីឌុបត្រូវបង់ឲ្យសមត្ថកិច្ចដែលមានតួនាទីភារកិច្ចបង្ក្រាបក្នុងមួយឡានពី១ពាន់ទៅ២ពាន់ដុល្លារ ដូច្នេះ ហួត ប៊ុនគីម មានសិទ្ធិប្រមូលឈើយកទៅដាក់នៅចំណុចកា៣ និងយកទាហានប្រដាប់ដោយអាវុធគ្រប់ដៃសម្រាប់ការពារ និងយករថយន្តវៀតណាមប្រភេទយីឌុប ក៏ដូចជារថយន្តស្ទួចមកស្ទួចឈើគ្មានបង្ហាញនូវអាថ៌កំបាំងអ្វីបន្តិចសោះ ប៉ុន្តែក្រុមអ្នកកាសែត ត្រូវបានដកខ្លួនយ៉ាងឆ្ងាយពីទីនោះ ដោយសារតែទាហានរបស់លោក ហួត ប៊ុនគីម មានកាំភ្លើងគ្រប់ដៃសម្រាប់ការពារទីតាំងនោះមិនឲ្យចូលទៅដល់ ។
បញ្ហានេះ សូមសមត្ថកិច្ចពាក់ព័ន្ធ មានភាពធូរលុងពេក បើទោះជាឆ្នាំងបាយរបស់អស់លោកទៅហើយ ខណៈនេះគួរបង្ក្រាបខ្លះទៅ ព្រោះបទល្មើសព្រៃឈើកើតឡើងហួសពីការស្មានមួយរយៈចុងក្រោយនេះ ៕ សុខ ខេមរា