ខេត្តតាកែវ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកបឹងខាងក្រោយភូមិ បន្ទាប់ពីជនរងគ្រោះរូបនេះដើរចេញពីផ្ទះក្នុងសភាពស្រវឹងជោគជាំ ដែលហេតុការណ៍នេះបង្ករអោយមានការផ្ទះផ្អើលនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបឹងខាងក្រោយភូមិត្រពាំងត្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
នគរបាលស្រុកគិរីវង់បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ យា យ៉ែង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
នគរបាលដដែលបន្តរទៀតថា ជនរងគ្រោះខាងលើគឺជាមនុស្សស្រវឹងខួប ហើយនៅមុនថ្ងៃកើតហេតុមួយថ្ងៃរូបគេបានដើរចេញពីផ្ទះក្នុងសភាពស្រវឹងជោគជាំ ចំណែកក្រុមគ្រួសារបានតាមរកពេញមួយថ្ងៃតែរកមិនឃើញ លុះស្អែកឡើងទើបប្រទះឃើញសពនៅក្នុងទឹកបឹង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានពិនិត្យនឹងសាកសួរជុំវិញករណីនេះ និងបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា