ខេត្តកំពង់ស្ពឺ ៖ លោក កែវ សំអុល មន្រ្តី អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាបបានធ្វើសកម្មភាពដាក់កុងត្រូលជជុះ និងជិះរថយន្តដើរយកលុយពីមេឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅក្នុងស្រុកឱរ៉ាល់ ថ្ពង ភ្នំស្រួច និងសំរោងទងដោយតម្រូវឲ្យអ្នករកស៊ីដឹកឈើបង់លុយជាថ្នូរនឹងការ មិនចាប់បង្ក្រាប ។
ទង្វើរបស់លោក កែវ សំអុល មន្រ្តីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាបខាងលើនេះបានផ្គើនទៅសេចក្ដីណែនាំស្ដីពីការលុបបំបាត់ប៉ុស្តិ៍ និងកុងត្រូល ជជុះទូទាំងប្រទេស ។
គេសង្កេតឃើញលោក កែវ សំអុល រួម នឹងដំណើរជាមួយមន្រ្តីយោធា២រូបបានពួនស្ទាក់ក្រុមឈ្មួញអ្នករកស៊ីដឹកឈើដោយ តម្រូវឲ្យបង់លុយក្នុង១រថយន្តចាប់ពី២០០ដុល្លារទៅ៥០០ដុល្លារ (តាមធំ តាមតូច) បើគោយន្តវិញចាប់ពី១០ទៅ២០ម៉ឺនរៀល (តាមធំតាមតូច) ។
អ្វីដែលគួរឲ្យកត់សម្គាល់ចាប់តាំងពីលោក កែវ សំអុល មកកាន់ការងារជាមេព្រៃខាងអធិការព្រៃឈើខាងត្បូងបឹងទន្លេសាបនេះកាលណាមកគេមិនដែលឃើញលោកមានសកម្មភាពបង្ក្រាបបទល្មើសព្រៃ ឈើបានមួយករណីណាឡើយ។ ជានិច្ចជា កាលសកម្មភាពរបស់លោក កែវ សំអុល នៅតែបន្តកើតមានយ៉ាងគឃ្លើនដោយគ្មាន ខ្លាចញញើតសារាចរណែនាំរបស់សម្តេចក្រឡាហោមបន្តិចណាសោះ។ ជារៀងរាល់ យប់គេតែងតែឃើញលោក កែវ សំអុល និងអ្នកផ្សេងទៀតជិះរថយន្តហាយឡេនឌ័រ ពណ៌ខ្មៅដើរយកលុយពីក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើចាប់ពី២០ម៉ឺនរៀលដល់៨០ម៉ឺនរៀលតាមបទល្មើសតូចធំ ។
មហាជនបានលើកឡើងថា សកម្មភាពគឃ្លើនគ្មានញញើតច្បាប់របស់លោក កែវ សំអុល នេះគួរណាស់តែប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើចាត់ មន្ត្រីមកពិនិត្យ ឬកោះហៅទៅដុសក្អែល ចេញម្តងហើយ។ បើបណ្តែតបណ្តោយ តទៅទៀតសកម្មភាពអនាធិបតេយ្យរបស់លោកមេព្រៃនឹងកាន់តែបំពានសារាចរណែនាំរបស់សម្តេចក្រឡាហោម ស ខេង កាន់តែខ្លាំងឡើងៗ ជាពិសេសធ្វើឲ្យប៉ះ ពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រតិភូទទួលបន្ទុក និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មជាក់ជាមិនខានឡើយ ។
ជុំវិញការចោទប្រកាន់ខាងលើនេះអ្នកយកព័ត៌មាននគរវត្តមិនអាចសុំការបកស្រាយពីលោក កែវ សំអុល មន្ត្រីអធិការព្រៃឈើខាងត្បូងបឹងទន្លេសាបបានទេ ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះដែរអ្នកយកព័ត៌មាននគរវត្ត បានទូរស័ព្ទទៅលោក ប៊ុន សម្បត្តិ នាយ រងអធិការខាងត្បូងបឹងទន្លេសាបដើម្បីសុំការបំភ្លឺដែរ ប៉ុន្តែទូរស័ព្ទចូលមិនមានអ្នក ទទួល ៕ សេនាស័ក្តិ