ខេត្តកំពង់ធំ៖ យុវជនម្នាក់ជិះម៉ូតូ MSX ត្រូវរថយន្តហ៊ីយ៉ាន់ដាយបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្ញាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យភាពភ្ញាក់ផ្អើលបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ០៦វេលាម៉ោង២៣និង៤៣នាទីថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះចយ វិចាយ ភេទប្រុស អាយុ២២ឆ្នាំ(ស្លាប់)ទីលំភូមិសាន់គរខ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជិះម៉ូតូម៉ាកMSX ពណ៌ស លាយខ្មៅ គ្មានស្លាកលេខ។
ចំណែករថយន្តបង្ករហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទ្រួយចេកលាយក្រហម ស្លាកលេខ ភ្នំពេញ3B7233 ក្រោយកើតហេតុតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុ គេឃើញយុវជនម្នាក់ជិះ MSX ចេញពីជើងទៅត្បូង ហើយគេឃើញរថយន្តហ៊ីយ៉ាន់ដាយ ចេញពីត្បូងទៅជើងទិសដៅច្រាស់ទិសគ្នា លុះដល់កន្លែងកើតរថយន្តរេចង្កូតជ្រុលទៅបុកអ្នកជិះម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
វត្ថុតាងម៉ូតូនឹងរថយន្តសមត្ថកិច្ចចរាចរណ៍ស្រុកកំពង់ស្វាយ យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ។
សាកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី