ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ muslime helfen ផ្តល់ប្រាក់កម្ចីជូនពលរដ្ឋមុស្លិមក្រីក្រ៥៨គ្រួសារនៅសហគមន៍ជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋមុស្លិមក្រីក្រី ចំនួន១០០គ្រួសារ រស់នៅភូមិ១ និងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មកទទួលប្រាក់កម្ចី នៃគម្រោង ឥណ ទានឥតការប្រាក់ រយៈពេល ០២ឆ្នាំ ពីអង្គការ muslime helfen នៃប្រទេសអាឡឺម៉ង់ ផ្តល់តាមរយៈសមាគមនិស្សិត មុស្លិមកម្ពុជា ដើម្បីយកធ្វើដើមទុនទៅបង្កើតមុខរបរខ្នាតតូច និងពង្រីកមុខរបរដែលមានស្រាប់។

ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃ អាទិត្យ០៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅ សង្កាត់ជ្រោយចង្វារ ក្រោមអធិបតីភាព លោកវេជ្ជ. សុះ មុះសិន រដ្ឋលេខាធិការក្រសួង ធម្មការ និងសាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកមម្ពុជា និងជាប្រធានសមាគម និស្សិតមុស្លិមកម្ពុជា ដោយមានការចូលរួមពី លោកវេជ្ជ. សាន់ សាប់អី អនុរដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាអនុប្រធាន សមាគមនិស្សិតមុស្លិម កម្ពុជា លោក ទូនី រ៉សេត អនុរដ្ឋលេខាធិការក្រសួង ធម្មការ និងសាសនា លោកវេជ្ជ. ពាស់ មូស្លិម ជំនួយការក្រសួងធម្មការនិងសាសនា និងជាអនុប្រធាន សមាគម និស្សិត មុស្លិមកម្ពុជា ព្រមទាំងសហការីសមាគមនិស្សិតមុស្លិមកម្ពុជា និងមន្រី្តសាលាសង្កាត់ មេភូមិ លោកអ៊ីម៉ាំ ក្នុងមូលដ្ឋានខាងលើ ។

លោកវេជ្ជ.សុះ មុះសិន បានមានប្រសាសន៍ថា៖ ដោយមើលឃើញថាបងប្អូន ប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិ១ និងភូមិ២ សង្កាត់ជ្រោយចង្វារ បានខិតខំប្រឹងប្រែងប្រកបមុខរបរផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ តម្លៃទំនិញនៅលើទីផ្សារមានការកើនឡើងជា រៀងរាល់ថ្ងៃ ពិសេសដោយមើលឃើញថា បងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានខាងលើបាន បង្វិលប្រាក់កម្ចីបានល្អ និងទាន់ពេលវេលា ទើបថ្ងៃនេះអង្គការ muslime helfen នៃប្រទេស អាឡឺម៉ង់ បានផ្តល់គម្រោងឥណទានឥតការប្រាក់ដល់ប្រជាពលរដ្ឋមុស្លិមក្រីក្រ ចំនួន ១០០ គ្រួសារ ដើម្បីយកទៅបង្កើតមុខរបរខ្នាតតូចថ្មី និងពង្រីកមុខរបរដែល មានស្រាប់ ។

ដោយគម្រោងនេះត្រូវបានបែងចែកជា ០២ គឺផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ រស់នៅតាម បណ្តោយរថភ្លើង និងតំបន់ជុំវិញ ក្នុងសហគមន៍អ្នកក្រីក្រ ខណ្ឌដូនពេញ ចំនួន ១២៥គ្រួសារ និងផ្តល់ជូនប្រជាពលរដ្ឋមុស្លិមក្រីក្រក្នុងភូមិ១ និងភូមិ២ ក្នុងខណ្ឌជ្រោយចង្វារ ចំនួន ១០០ គ្រួសារ ។

លោកវេជ្ជ.សុះ មុះសិន បានបញ្ជាក់ថា ៖ ប្រាក់កម្ចី នៃគម្រោងឥណទានឥតការប្រាក់ ដែលផ្តល់ជូន ប្រ ជាពលរដ្ឋមុស្លិមក្រីក្រទាំង ១០០គ្រួសារ នៅថ្ងៃនេះ ជាថវិការបស់អង្គការ muslime helfen នៃប្រទេសអាឡឺម៉ង់ ។

លោក បានបន្ត ទៀតថា ថវិកានេះមានចំនួនតិចតួច ក៏ពិតមែន ប៉ុន្តែវាអាចជួយអោយបងប្អូនបង្កើតមុខរបរខ្នាតតូចថ្មី និងពង្រីកមុខរបរដែលមាន ស្រាប់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសាររបស់បងប្អូន ប្រជាពលរដ្ឋ ។ ក្រៅពី ការផ្តល់ប្រាក់កម្ចីឥណទាននេះ CAMSA ក៏បានសហការជាមួយ អង្គការ muslime helfen ដែលបានផ្តល់នូវគំរោង មនុស្សធម៌ជាច្រើនទៀតដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា សាងសង់អគារអន្តេវាសិកដ្ឋានសំរាប់និស្សិតនារីមុស្លិម ចំនួន ២កន្លែង បើកវគ្គបណ្តុះបណ្តាល ភាសាអង់គ្លេស កុំព្យូទ័រ និងវិជ្ជាជីវៈកាត់ដេរដោយឥតគិតថ្លៃ ផ្តល់អំណោយសង្គ្រោះបន្ទាន់ ផ្តល់ថវិកាសម្រាប់សាសនិកឥស្លាមធ្វើពិធីស្រាយ បួសក្នុងខែរ៉ាម៉ាឌន ធ្វើគូរបាន និងមាន គំរោងជាច្រើនទៀត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាមួយ រាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ៕ សំរិត


ចែករំលែក៖