ព័ត៌មានទាន់ហេតុការណ៍៖

Range Rover បើកលឿន​ដូច​ហោះ បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវក្រឡាប់ផ្ងារជើង រ​បួស​ធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប ​ម៉ាកRange Rover លឿន​ដូច​ហោះ មិន​ប្រយ័ត្ន​ ក៏ជ្រុលទៅបុករបាំងថ្ម​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងរ​បួស​ធ្ងន់ខ្លួនឯង ដោយជាប់​ក្នុង​រថយន្ត​ចេញ​មិន​រួច ​ត្រូវ​ប្រជាពលរដ្ឋនាំគ្នា​ជួយ​គាស់​ដំបូល​ទាញ​រថយន្ត​ចេញមក ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗផងដែរ ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរនេះ ​កើតឡើង​នៅវេលា​ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចសួនច្បារស្តុ​ប​ក្ដាន់​ពីរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​សេរី​ទំនើប​មួយគ្រឿងម៉ាកRange Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-8687 បើក​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ(ស្តុ​ប​ក្ដាន់​ពីរ) មិន​ប្រយ័ត្ន ក៏ជ្រុលទៅ​បុករបាំងថ្ម​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ យ៉ាងពេញទំហឹង លាន់​សូរដូច​រន្ទះ បណ្តាលឲ្យ​ដាច់​កង់​ចេញពី​រថយន្តខាងមុខ និង​ក្រឡាប់​ផ្ងា​រជើង​មួយ​ចំហៀង រង​ការខូចខាត​យ៉ាងដំណំ​តែម្ដង។ ចំណែក​អ្នកបើកបរ​រងរបួស​ធ្ងន់ ជាប់​ក្នុង​រថយន្ត​ចេញ​មិន​រួច ក៏ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នាគាស់​ដំបូល​រថយន្ត​ទាញ​ចេញ រួចហៅ​រថយន្ត​សាមុយ​ដឹកទៅសង្គ្រោះនៅ​មន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុវាស់វែងតាមជំនាញរួចប្រគល់ឲ្យនគរបាលចរាចរណ៍ក្រុងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចររាជធានីភ្នំពេញរង់ចាំដោះស្រាយតាមក្រោយ ៕ ស រស្មី


ចែករំលែក៖