ខេត្តស្វាយរៀង៖ ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តត្បែងរាំ ក្នុងភូមិអណ្ដូងខ្មត់ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានថ្លែងទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រែក្លាយប្រទេសតាំងពីបាទដៃទរទេ រហូតមានការរីកចំរើនលើគ្រប់វិស័យ ឯកំណើនសេដ្ឋកិច្ច ក៏បានកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាំងអស់នេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿចិត្តលើរាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ៍ សៅ សុខា បន្តថា សព្វថ្ងៃនេះព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងមានវត្តអារាមប្រមាណជាង៤ពាន់វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គ នៅទូទាំងប្រទេស ហើយបើវិស័យព្រះពុទ្ធចក្ររីកចម្រើន វិស័យអាណាចក្រក៏រីកចម្រើនដែរពោលគឺត្រូវតែដើរទន្ទឹមគ្នា មិនអាចខ្វះគ្នាបាននោះទេ។
បើតាមនាយឧត្តមសេនីយ៍ បន្ទាប់ពីបញ្ចុះខណ្ឌសីមាព្រះវិហារនេះហើយ សូមឲ្យបងប្អូន លោកតា លោកយាយ ពុទ្ធបរិស័ទ ចំណុះជើងវត្ត ត្រូវចេះរួមគ្នា និងថែរក្សាទ្រព្យសម្បត្តិសមិទ្ធិផល ដែលយើងខិតខំកសាងហើយ ឲ្យបានយូអង្វែងដល់កូនចៅជំនាន់ក្រោយ មិនតែប៉ុណ្ណោះ នាយឧត្តមសេនីយ៍ ក៏បានបំផុសដល់ក្មួយៗ ចៅៗ សិស្សានុសិស្សនាំគ្នា លេងកីឡាពិសេសកីឡាបាល់ទាត់ ព្រោះវាធ្វើឲ្យមានសុខភាពល្អ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងនាំគ្នាគោរពច្បាប់ចរាចរណ៍ផងដែរ។
បន្ទាប់មក នាយឧត្តមសេនីយ៍ និងក្រុមការងារ ក៏បានចូលបុណ្យដល់វត្តត្បែងរាំបច្ច័យ៤០លានរៀល និងបានចែកអំណោយ ជាថវិកាដល់លោកតាលោកយាយម្នាក់ៗ ២ម៉ីនរៀល លោកគ្រូ អ្នកគ្រូ៤០នាក់ ម្នាក់ៗ៥ម៉ីនរៀល សិស្សានុសិស្សម្នាក់ៗ១ម៉ីនរៀល និងបានអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារវត្តត្បែងរាំផងដែរ ៕ ហេង សូរិយា