ភ្នំពេញ៖ បុរសជាឪពុកម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាអកុសលដោយស្ថានភាពរបួសធ្ងន់ពេក ធ្វើឲ្យកុមារអាយុ៥ឆ្នាំបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។
ចំពោះស្ថានភាពដ៏សែនរន្ធត់បានកើតឡើងកាលពីវេលាម៉ោង ១និង ៣៥នាទីរសៀល ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ចំណុចដីឡូត៍ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក HINO ពណ៌បៃតងចាស់ ពាក់ស្លាកលេខ បាត់ដំបង 3A-0568 បើកបរដោយឈ្មោះ មុត សាន្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិរលាំងកែន ឃុំរលាំកែន ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាលដោយបើកបរក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ហើយបានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក HONDA C-125ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D -0358 ជិះឌុបគ្នា៣នាក់ក្នុងទិសដៅពីកើតទៅលិច (ស្របទិសគ្នា)បើកដោយឈ្មោះ សុីន វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិជីហែ ឃុំ ព្រែកតាកូយ ស្រុកកងមាស ខេត្តកំពង់ចាម(ស្លាប់) រួមដំណើរដោយឈ្មោះសុីន វណ្ណដេត ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា របួសធ្ងន់ និងឈ្មោះ ស្នា សីហា ភេទប្រុស អាយុ ០៥ ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យត្រូវជាកូន។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីបង្កគ្រោះថ្នាក់យ៉ាងរន្ធត់ និងបង្កឲ្យមានអ្នកស្លាប់នេះគឺបណ្តាលមកពីភាគីខាងរថយន្តបើកលឿនមិនបានប្រុងប្រយ័ត្នខ្វះការទទួលខុសត្រូវ មិនគោរពច្បាប់ចរាចរណ៍ទើបបង្កឲ្យមានគ្រោះថ្នាក់ស្លាប់អ្នកដទៃយ៉ាងដូច្នេះ សមត្ថកិច្ចបន្តថា ក្រោយកើតហេតុអ្នកបើករថយន្តបង្កត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់នោះផងដែរគឺបង្កឲ្យរថយន្តខូចខាតកាងខាងមុខ និងម៉ូតូខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗនិងវាស់វែងយករថយន្ត និងម៉ូតូរបស់ជនរងគ្រោះ ប្រគល់ឲ្យការិយាល័យនគរបាលផ្លូវគោករាជធានី យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ហើយចំណែកសពជនរងគ្រោះទាំង២នាក់ឪពុក និងកូនត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ព្រែកជ័យ