លោកអ៊ុំ វ៉ាន់សុភក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីក្នុងខេត្តនិយាយថា គ្មានសមត្ថភាពធ្វើការបន្តិចទាល់តែសោះ ហើយមិនទទួលខុសត្រូវក្នុងការងារទៀតផង។ ប៉ុន្តែបើនិយាយអំពីបញ្ហាផលប្រយោជន៍ លោកមេព្រៃទទួលបានក្រាសក្រែលហើយស្ងាត់ស្ងៀមទៀតផង។ បទល្មើសព្រៃឈើសុទ្ធតែមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក ប៉ុន្តែសួរថា តើឈ្មួញមួយណាដែលមិនបង់ប្រាក់ឲ្យលោក។ យ៉ាងដូច្នេះហើយ បានជាគេនិយាយថា លោកអ៊ុំ វ៉ាន់សុភក្រ ត្រជាក់ចិត្តនឹងបទល្មើសយកលុយបានងាយៗ ។
បទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានលោកអ៊ុំ វ៉ាន់សុភក្រ និយាយថា មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោកនោះឡើយ ។ ជារឿយៗក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត លោកមេព្រៃរូបនេះតែងតែនិយាយទម្លាក់កំហុសទៅស្ថាប័នផ្សេង ហើយយករួចខ្លួន ។ បទល្មើសសុទ្ធតែកើតស្ថិតនៅក្រៅតំបន់របស់រដ្ឋបាលព្រៃឈើ? ប៉ុន្តែពួកឈ្មួញម្នាក់ណា ក៏ត្រូវបង់ប្រាក់ឲ្យលោក អ៊ុំ វ៉ាន់សុភក្រនោះដែរ ។ ករណីនេះ គេមិនដឹងថា តើអាជ្ញាធរខេត្តមណ្ឌលគិរីយល់ស្របតាមការលើកឡើងរបស់លោក អ៊ុំ វ៉ាន់សុភក្រ ដែរឬយ៉ាងណានោះទេ? ផ្ទុយទៅវិញ ស្ថាប័នផ្សេងបែរជារងគ្រោះ ព្រោះតែការលាបពណ៌របស់រដ្ឋបាលព្រៃឈើខេត្តទៅវិញ។
ប្រភពព័ត៌មានពីឈ្មួញនានានិយាយថា ពួកគេចាំបាច់ត្រូវតែបង់ប្រាក់ឲ្យលោកអ៊ុំ វ៉ាន់សុភក្រ ទោះក្នុងតម្លៃណាក៏ដោយ ព្រោះគេជាស្ថាប័នជំនាញ។ ឈើដឹកចេញពីខេត្តណាក៏ដោយ ឲ្យតែឆ្លងកាត់ទឹកដីខេត្តមណ្ឌលគិរី គឺត្រូវបង់លុយឲ្យមេព្រៃមណ្ឌលគិរី ។ ក្នុងន័យនេះ មានន័យថា លោកអ៊ុំ វ៉ាន់សុភក្រ បានរួចខ្លួនពីការទទួលខុសត្រូវក្នុងបទល្មើសណាមួយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយទទួលបានលាភសក្ការយ៉ាងសុខស្រួល។ ជាងនេះទៅទៀត បើទោះជាមានបទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក៏លោកអ៊ុំ វ៉ាន់សុភក្រ រុញទម្លាក់ឲ្យអ្នកដទៃទទួលខុសត្រូវនោះដែរ ៕