ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូត្រឡប់មកពីទិញថ្នាំញៀនយកទៅជក់ត្រូវនគរបាលប៉ុស្តិ៍ សំរោងឃាត់ខ្លួនទាំង៣នាក់ឆែកឃើញថ្នាំញៀនជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនចំនួន៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍សំរោងចាប់ឃាត់ខ្លួន ខណៈពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រឡប់មកពីទិញថ្នំាញៀនក្នុងបំណងយកទៅជក់នៅក្នុងភូមិ។

ហេតុការណ៍ចាប់ឃាត់ខ្លួនក្មេងញៀនថ្នាំខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង៤៥នាទី ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅតាមផ្លូវ១៥១ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនយុវជនទាំង៣នាក់ជាមួយនិងថ្នាំញៀនផងនោះ គឺកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ សំរោងបានធ្វើការល្បាតតាមភូមិសាស្រ្តខាងលើ ខណៈនោះដែរបានជួបក្រុមជនសង្ស័យជិះម៉ូតូ មួយគ្រឿងម៉ាក HONDA – MSX ព៌ណបៃតង ពាក់ស្លាកលេខ ភ្នំពេញ 1GB -9204 ជិះឌុបគ្នាក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចខាងលើត្រូវកម្លាំងហៅអោយឈប់រួចធ្វើការឆែកឆេរឃើញមានថ្នាំញៀនប្រភេទម៉ាទឹកកក(ម្សៅក្រាមសថ្លា)មួយកញ្ចប់តូច ភ្លាមៗនោះផងដែរកម្លាំងនគរបាលយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់យកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ថែមផងដែរ។

សមត្ថកិច្ចប្រាប់អោយដឹងទៀតថា ជនសង្ស័យទី១ឈ្មោះ សុខ ប៊ុនសាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ ព្រៃគោល ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល ទី២ ឈ្មោះ ធុច សាមឌី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករ ស្នាក់នៅភូមិក្រោលគោលឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្ត កណ្តាល និងទី៣ ឈ្មោះ ភាព ផា ភេទ្រប្រុស អាយុ ១៨ឆ្នាំ ជាកម្មករ ស្នាក់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបន្តថា សម្ភារៈដែលកម្លាំងធ្វើការដកហូតយកបានមាន ម៉ូតូ ហុងដា អឹមអេសអិចចំនួនមួយគ្រឿង ថ្នាំញៀនប្រភេទ ក្រាមសថ្លា (ម៉ាទឹកកក)មួយកញ្ចប់។

សមត្ថកិច្ចប៉ុស្តិ៍បានបព្ជាក់ថាបន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ កម្លាំងបានធ្វើការសួរនាំនិងក៏សាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីក៏សាងសំណុំរឿងចាត់ការបន្តបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមផ្លូវច្បាប់ ៕ ព្រែកជ័យ


ចែករំលែក៖