ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នារសៀលថ្ងៃចន្ទ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវប្រសាសន៍ធ្ងន់ៗសំដៅទៅលើលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដែលអវត្តមានមិនបានចូលរួមសន្និបាតបូកសរុបត្រួតពិនិត្យការងារគ្រឿងញៀន។
សម្តេចបានមានប្រសាសន៍ថា តាមសម្តេចដឹងគឺអភិបាលខេត្តព្រះសីហនុអត់មកទេ ហើយបើសិនចៅហ្វាយខេត្តលោកលើកហេតុផលថា វារវល់ណាស់មិនអាចមកចូលរួមប្រជុំសន្និបាតប្រឆាំងគ្រឿងញៀនបានទេ ហាក់ដូចជាបានន័យថាគាត់មិនបានផ្តល់នូវសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទេ ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ។
សម្តេចក្រឡាហោមបានលើកឡើងនូវប្រសាសន៍ឲ្យដឹងទៀតថា ពិតជាមានការរវល់មែន ការងាររបស់អភិបាលខេត្ត គណៈអភិបាលខេត្ត។ ក៏ប៉ុន្តែវាលើកលែងត្រង់ថា ការងារនោះវាមិនអាចមកបានទេវាមានការចាំបាច់ បើមិននៅទេខេត្តហ្នឹងវាត្រូវរលាយ។ តែវាមិនចឹង ឥឡូវគួរពិនិត្យមើលថាផ្តល់សារៈសំខាន់គាំទ្រនូវផែនការយុទ្ធនាការ ឬមិនគាំទ្រ? ហើយខេត្តព្រះសីហនុ ក្រុងព្រះសីហនុនេះ ក៏ជាគោលដៅមួយ ដែលខ្ញុំបានស្នើទៅសម្តេចនាយករួចហើយ លោកបានឯកភាពហើយថានៅថ្ងៃទី៩កុម្ភៈនេះ បើអ្វីប្រែប្រួលទេខ្ញុំនឹងបើកកិច្ចប្រជុំមួយទាក់ទងនឹងរឿងខេត្តព្រះសីហនុ។ ព្រោះការអភិវឌ្ឍន៍វាលឿន ដល់វាលឿនមិនមែនមានតែមុខល្អទេ មានមុខមិនល្អដែរ មែនមានមុខសកម្មទេ វាមានមុខអសកម្មដែរ។
ចឹងយើងខំរុញអ្វីដែលវាសកម្ម នឹងយើងដោះស្រាយអ្វីដែលវាអសកម្ម នៅប្រជុំអន្តរក្រសួងអ្វីដែលវាពាក់ព័ន្ធយើងនឹងបូកបញ្ចូល ហើយក្នុងនោះក៏មានការពាក់ព័ន្ធគ្រឿងញៀនផងដែរ។ សម្តេចបន្តថា ខេត្តសៀមរាបក៏ដូចគ្នា រួមនឹងខេត្តមួយចំនួនផ្សេងទៀតផងដែរ។
សម្តេចក៏បានលើកឡើងផងដែរថា អភិបាលខេត្តមិនចាំបាច់មានវត្តមានចូលប្រជុំពេកទេ ប៉ុន្តែយើងត្រូវចរឹតនៃបញ្ហា ហើយបញ្ហាណាខ្លះដែលវាសំខាន់ ដែលត្រូវតែចូលរួមព្រោះដើម្បីនោះ ព្រោះបើថាអាគ្រឿងញៀនវាវាយលុកមកលើកន្លែងយើងហើយ វាពិបាករើណាស់។ ចឹងដោះស្រាយបញ្ហាវានៅតូច វានៅតិច យើងនៅមានលទ្ធភាពសមភាព។ តែបើលើកហេតុផលថាមិនមកចូលរួមប្រជុំបានទេ ដោយសារជាប់រវល់ពេក សួរថាអ្នកណាមិនរវល់ ចុះហេតុអីគេមកចូលរួមប្រជុំបាន ខ្ញុំថាដូចជាមិនត្រូវ។ តែបើនាយករដ្ឋមន្ត្រីទៅហ្នឹង ឬព្រះមហាក្សត្រយាងទៅដល់ ឬមានកិច្ចប្រជុំអន្តរក្រសួង ឬអន្តរជាតិពិសេសដោយខានមិនបានអានោះជារឿងមួយផ្សេង។ ប៉ុន្តែបើរឿងកិច្ចការប្រចាំថ្ងៃសួរថាអ្នកណាមិនរវល់ នេះជាបញ្ហា។
សម្តេចក៏បានរំលឹកផងដែរទៅដល់អភិបាលខេត្តទាំងអស់ថា យើងម្នាក់ៗជាពិសេសថ្នាក់ដឹកនាំពេលខ្លះយើងត្រូវចេះដូរតួដើម្បីសម្តែង ពេលខ្លះយើងត្រូវចេះចងក្រវ៉ាត់ក ចងឲ្យស្អាតទៀត ដើរលើព្រុំ តែពេលខ្លះយើងត្រូវដោះក្រវ៉ាត់ក ហើយដើរផ្ទាល់នឹងដីដើម្បីជួបប្រជាពលរដ្ឋ ចង់និយាយថាយើងមិនត្រូវដាក់ខ្លួនយើងឲ្យឆ្ងាយពីពលរដ្ឋនោះទេ ត្រូវដាក់ខ្លួនឲ្យជិតនឹងពលរដ្ឋ បានន័យថាត្រូវដឹងសុខទុក្ខពីពលរដ្ឋជួបការលំបាក់អ្វីខ្លះ ដើម្បីយើងលើកមកដោះស្រាយ។
ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោមក៏បានជម្រុញឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការអនុវត្តទិសដៅការងារសម្រាប់ឆ្នាំ២០១៨ ក៏ដូចជាការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។
សម្តេចក៏បានធ្វើការអំពាវនាវដល់សប្បុរសជន អង្គការ សមាគម វិស័យឯកជន និងដៃគូរអភិវឌ្ឍជាតិ-អន្តរជាតិ ឲ្យចូលរួម និងផ្តល់ការគាំទ្រគ្រប់លទ្ធភាពជាមធ្យោបាយ សម្ភារៈ បច្ចេកទេស និងថវិកា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននៅកម្ពុជា កាន់តែមានប្រសិទ្ធភាពទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៕ តាឡឹម