ខេត្តកំពត៖ ឃាតកមិនស្គាល់អត្តសញ្ញាណ បានចូលទៅកាប់និងវាយបុរសម្នាក់នៅសល់តែដង្ហើមចង្រឹតកាលពីម៉ោង ៧ និង៤០នាទីយប់ ថ្ងៃចន្ទ៥រោចខែមាឃឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជន រងគ្រោះ ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្ដកំពត។
ប្រភពព័ត៌មានពីមន្រី្តនគរបាលព្រហ្មទណ្ឌ ស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អិត ធា ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើហើយ ក្នុងករណីឃាតកម្មនេះ ឃាតក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ជនរងគ្រោះបានរងរបួសធ្ងន់ដោយ ជនដៃដល់ បានធ្វើសកម្មភាព ដោយ ប្រើកាំបិត កាប់និងវាយ ចំនួន ៤កន្លែង(ពីលើក្បាល ខាងស្ដាំ ៣កន្លែង និងភ្នែកខាងស្ដាំ ១កន្លែង) ។
ប្រភពដដែលបានឲ្យដឹងទៀតថា ពេលកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះកំពុងដេកសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម នៅលើដីខាងត្បូង ឈាងខាងលិចផ្ទះ ក៏បានប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ និងបានរឹបអូសវត្ថុតាងកាំបិតខ្វែវ១ នៅជិតជនរងគ្រោះ។ ចំពោះមូលហេតុដែលនាំឲ្យមានការកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់នេះ មិនទាន់ដឹងនៅឡើយទេ ព្រោះជនរងគ្រោះមិនអាចនិយាយប្រាប់សមត្ថកិច្ចរួច(សន្លប់)ខណៈដែលសមត្ថកិច្ចដាក់ការសង្ស័យថា ករណីនេះអាចកើតឡើងដោយជនរងគ្រោះនិងជនដៃដល់មានគំនុំជាមួយគ្នាក្នុងរឿងអ្វីមួយ ៕ ប្រាថ្នា