ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាជាតិសាសន៍សម្លាប់មនុស្ស៣០នាក់នៅសាធារណរដ្ឋកុងហ្គោ

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែកុម្ភៈ មន្ត្រីសន្តិសុខសាធារណរដ្ឋកុងហ្គោបានឲ្យដឹងថា យ៉ាងហោចណាសក៏មានមនុស្ស៣០នាក់ស្លាប់ក្នុងរយៈពេល២ថ្ងៃ ដែលកើតចេញពីអំពើហិង្សារវាងក្រុមអ្នកចិញ្ចឹមសត្វ ជាក្រុមជនជាតិ Hema និងប្រជាកសិករក្រុមជនជាតិ Lendu ស្ថិតនៅក្នុងខេត្ត Ituri សាធារណរដ្ឋកុងហ្គោ។

អភិបាលខេត្ត Ituri លោក Jefferson Abdallah Penembaka បានឲ្យដឹងថា ការប៉ះទង្គិចគ្នារវាងក្រុមជនជាតិទាំង២នេះ បណ្តាលឲ្យមនុស្សរហូតដល់ទៅ៣២នាក់ស្លាប់ និងរងរបួសជាច្រើនទៀត។ ជាមួយគ្នានោះ ផ្ទះប្រជាពលរដ្ឋរាប់រយខ្នងត្រូវដុតបំផ្លាញ ធ្វើឲ្យមនុស្សជាច្រើនត្រូវចាកចេញពីផ្ទះសម្បែង។ រដ្ឋាភិបាលបានបញ្ជូនកម្លាំងទាហានទៅកាន់កន្លែងកើតហេតុដើម្បីរក្សាសន្តិសុខ។

អំពើហិង្សាបង្ហូរឈាមដែលបានកើតឡើងនៅពេលនេះ បានធ្វើឲ្យគេនឹកឃើញដល់អំពើហិង្សាកើតឡើងក្នុងអំឡុងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣។ នៅពេលនោះ ក្រុមជនជាតិ Hema និង Lendu រាប់ពាន់នាក់បានកាប់សម្លាប់គ្នា នៅក្នុងខេត្ត Ituri ក្រោយរយៈពេលជាច្រើនឆ្នាំរស់នៅយ៉ាងសុខសានជាមួយគ្នា។ ប៉ុន្តែកុងហ្គោបានធ្លាក់នៅក្នុងវិបត្តិ ក្រោយពេលលោក Joseph Kabila បដិសេធចុះចេញពីតំណែងប្រធានាធិបតីក្រោយពេលលោកបញ្ចប់តំណែងតាំងពីខែធ្នូឆ្នាំ២០១៦។

ការសម្រេចរបស់ប្រធានាធិបតី Kabila គឺជាមូលហេតុបង្កឲ្យមានការបះបោរ ជាច្រើនកើតឡើងនៅក្នុងប្រទេស បង្កក្តីបារម្ភយ៉ាងខ្លាំងពីអំពើហិង្សាកើតឡើងក្លាយទៅជាសង្គ្រាមស៊ីវិល៕ ម៉ែវ សាធី


ចែករំលែក៖