ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ដែលជាជាងជួសជុលរថយន្ត និងបូមខ្យល់កង់រថយន្តបាន់ស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយសារតែសប់កង់រថយន្តធុនធំដឹកអំពៅរបស់ក្រុមហ៊ុនមួយខ្វះការប្រុងប្រយត្ន័ផ្ទុះកង់ផ្លោងយ៉ាន់បុកចំក្បាល និងមុខ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើង កាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិអូផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់លោកវរសេនីយ៍ទោ ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានមានប្រសាសន៍ឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ធី ធារា អាយុ២២ឆ្នាំ ជាជាងជួសជុលរថយន្ត និងសប់កង់រថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើជាមួយថៅកែ ដែលប្តីឈ្មោះ សាយ កាន អាយុជាង៤០ឆ្នាំ ប្រពន្ធ ឈ្មោះ ភឿន ភា ស្ថិតក្នុងភូមិអូផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកបន្តទៀតថា នៅមុនពេលកើតហេតុយុវជនរងគ្រោះខាងលើបានប៉ះកង់រថយន្តដឹកអំពៅធុនធំរបស់ក្រុមហ៊ុនមួយ ពេលប៉ះអ៊ុតរួចហើយយុវជនរងគ្រោះបានសប់កង់រថយន្តនោះដាក់បញ្ជូនដោយខ្វះការប្រុងប្រយត្ន័ក៏ស្រាប់តែផ្ទុះកង់រថយន្តនោះផ្លោងយ៉ាន់ប៉ះចំក្បាល និងមុខរងរបួសធ្ងន់ធ្ងរ ពេលនោះថៅកែក៏បានដឹកបញ្ជូនមកដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដែរ ប៉ុន្តែជាអកុសល យុវជនរងគ្រោះបានដាច់ខ្យល់ពាក់កណ្តាលផ្លូវបាត់ទៅហើយ។
ក្រោយកើតហេតុ នគរបាលស្រុកបានចុះទៅពិនិត្យសន្និដ្ឋានថា ពិតជាស្លាប់ដោយសារតែផ្ទុះកង់រថយន្តមែន បានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ព័ត៌មានខាងលើនេះជាមេរៀនមួយសម្រាប់ក្រើនរំលឹកដល់ក្រុមជាងជួសជុល និងប៉ះកង់រថយន្តទាំងអស់មេត្តាមានការប្រុងប្រយត្ន័កុំឲ្យកើតមានរឿងដូចនេះទៀត ៕ សេនា សក្តិ