ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្តដឹកទំនិញលើសចំណុះ៣០គ្រឿងតាមបណ្តោយផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ រថយន្តធុនធំដឹកទំនិញចំនួន ៣០គ្រឿង ក្នុងចំណោមរថយន្តធុនធំដឹកទំនិញ៤៥គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ទុកដើម្បីព្រមាននិងពិន័យ បន្ទាប់ពីរកឃើញថា រថយន្តទាំង៣០គ្រឿងនេះ បាន ផ្ទុកទំនិញលើសទម្ងន់កំណត់ចន្លោះពី ៧តោន ទៅដល់ ៤២តោន ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃ អង្គារ ៦រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិពោធិ៍រោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្រុមការងារជញ្ជីងចល័តនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការអចិត្រៃយ៍ចុះត្រួតពិនិត្យការដឹកជញ្ជូនលើសកម្រិតកំណត់ដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននេះ ។

លោក សេង ឈួន បានមានប្រសាសន៍ឲ្យដឹងថា ប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់បានពិនិត្យឃើញមារថយន្តធំៗសរុប ៤៥គ្រឿង ហើយរកឃើញរថយន្តចំនួន ៣០គ្រឿងដឹកលើសទម្ងន់កំណត់ចន្លោះពី ៧តោន ទៅដល់ ៤២តោន។ រថយន្តដែលដឹកលើសទម្ងន់កំណត់ទាំង ៣០គ្រឿង ត្រូវបានបញ្ជាឲ្យទម្លាក់ទំនិញចុះ និងផាកពិន័យទៅតាមច្បាប់។ លោក សេង ឈួន បន្តថា ការងារនេះយើងនឹងបន្តធ្វើដូចភ្លៀងរលឹមតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីការពារផ្លូវថ្នល់ឲ្យគង់វង់យូរអង្វែង។ ជាមួយនេះដែរដោយគោរពតាមការណែនាំដ៏ម៉ឹងម៉ាត់របស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការត្រួតពិនិត្យ និងផាកពិន័យលើរថយន្តដឹកលើសទម្ងន់នេះ ធ្វើឡើងដោយគ្មានការលើកលែងនោះឡើយ ទោះរថយន្តនោះជារបស់អ្នកមានឥទ្ធិពល ឬមានលុយក៏ដោយ។

កន្លងមកលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល តែងតែអំពាវនាវដល់អ្នកដឹកជញ្ជូនទាំងអស់ ឲ្យរួមគោរពនូវច្បាប់ដឹកជញ្ជូន ជាពិសេសស្ទើរតែគ្រប់កម្មវិធីពាក់ព័ន្ធការដឹកជញ្ជូន លោកសំណូមពរមិនត្រូវដឹកលើសទម្ងន់នោះទេព្រោះ ការដឹកលើសទម្ងន់នេះបានបំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរបំផុត ៕ ប្រាថ្នា


ចែករំលែក៖