ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងយកភ្លើងមកលេងឆេះផ្ទះលោកយាយអាយុ៩០ឆ្នាំអស់ផ្ទះចំនួន១ខ្នង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះរបស់ស្ត្រីចាស់ជារាម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ក្នុងពេលដែលក្មេងៗបានយកភ្លើងមកលេង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទ្រាខាងជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះ មានចំនួន១ខ្នង មានទំហំ៤ ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើពីឈើ ប្រក់សង្គសី ជញ្ជាំងស្លឹក របស់ឈ្មោះ ជាសាត់ ភេទស្រី អាយុ៩០ឆ្នាំ រស់នៅផ្ទះតែម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានក្មេងៗជាច្រើននាក់ បានលេងភ្លើងនៅខាងក្រៅផ្ទះបណ្តាលឲ្យឆាបឆេះជញ្ជាំងផ្ទះក្នុងពេល ដែល ម្ចាស់ផ្ទះគឺលោកយាយ ជា សាត បានសម្រាកនៅលើគ្រែ ។ ភ្លាមៗនោះ លោកយាយ បានរត់ចេញមកខាងក្រៅ ហើយស្រែកឲ្យអ្នកស្រុក ជួយពន្លត់ ប៉ុន្តែពេលនោះ ភ្លើងបានឆេះពេញបន្ទុកទៅហើយ ឃើញដូចនេះ អ្នកភូមិបានចុះទៅជួយពន្លត់ និង បានសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរថយន្តពន្លត់អគ្គិភ័យបានជួយមកអន្តរាគមន៍ពន្លត់ មិនឲ្យឆេះរាលដាលទៅផ្សេងទៀតនោះទេ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស សត្វនោះទេ ប៉ុន្តែបណ្តាលឲ្យឆេះទ្រព្យសម្បត្តិរបស់លោកយាយឆេះគ្មានសល់ ក្នុងពេលជួយអន្តរាគមន៍នេះ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺបាញ់ទឹកអស់ពីររថយន្ត។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននិយាយថា ម្ចាស់ផ្ទះ គឺជាស្រ្តីចំណាស់ ទីទ័លក្រ គ្មានទីពឹងនោះទេ ហើយពេលនេះបានជួបអកុសល ត្រូវភ្លើងឆេះផ្ទះរបស់គាត់ទៀត គាត់មិនដឹងសង្ឃឹមអ្វីនោះទេ ហើយពេលនេះមានតែសប្បុរសជនជិតឆ្ងាយនោះទេ ដែលអាចជួយគាត់បាន ដើម្បីសាងសង់ផ្ទះជូនគាត់វិញ ៕ ចន្ថា


ចែករំលែក៖