ភ្នំពេញ៖ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា បានធ្វើឲ្យបុរសម្នាក់ខឹងចិត្តនិងប្រពន្ធរបស់ខ្លួននិយាយមិនតាមរូបគេ ដោយជិះម៉ូតូម្នាក់ឯង ចេញមកក្រៅនិងបានប្រាប់ប្រពន្ធថា តិចទៀតនឹងគ្រោះថ្នាក់ចរាចរណ៍ហើយ ស្រាប់តែមួយសន្ទុះក្រោយមកគាត់បានទទួលដំណឹងថា ប្តីរបស់គាត់បានគ្រោះថ្នាក់ចរាចរណ៌តែម្តង ។ ដោយសារតែបុរសរងគ្រោះ បើកម៉ូតូយ៉ាងលឿនឡើងចិញ្ចើមផ្លូវជ្រុលទៅបុកនឹងបង្គោលច្រវ៉ាកសាលាដេកាត បណ្តាលឲ្យដួលបោករងរបួសធ្ងន់ខ្លួនឯង ។
គ្រោះថ្នាក់ចរាចរណ៌បង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៤និ២០នាទីទៀបភ្លឺថ្ងៃអង្ការ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងកើតសាលដេកាត(សាលាបារាំង)នៅលើផ្លូវលេខ៦១ ភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
មន្រ្តីនគរបាលជំនាញចរាចរណ៌នៃអធិការខណ្ឌដូនពេញ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងដោយ បុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ C100 ពណ៌ក្រហម គ្មានស្លាកលេខ ជិះបុកចិញ្ចើមផ្លូវ បណ្ដាលឲ្យបាក់បង្គោលច្រវ៉ាក់តូចៗចំនួន៤ដើម ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ សម្រាប់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ដោយឡែកយោងតាមការបំភ្លឺពីប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុប្តីរបស់គាត់(ជនរងគ្រោះ)បានមានទំនាស់ជាមួយគាត់ហើយ ខណៈនោះបុរសជាប្តីបានប្រាប់គាត់ថា តិចទៀតគាត់(ប្តី)នឹងគ្រោះថ្នាក់ចរាចរណ៍ហើយ ។ បន្ទាប់ពីនិយាយប្រាប់គាត់រួច ប្តីរបស់គាត់ក៏បានជិះម៉ូតូចេញទៅបាត់ ស្រាប់តែមួយសន្ទុះក្រោយមកគាត់ (ស្ត្រីជាប្រពន្ធ)បានទទួលដំណឹងថា ប្តីគាត់បានគ្រោះថ្នាក់ចរាចរណ៌ដោយរងរបួសធ្ងន់ពិតប្រាកដមែន ។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញបណ្ដោះអាសន្ន ៕ ស តារា