ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ រាជធានីភ្នំពេញនៅមានបញ្ហាប្រឈមជាច្រើនទៀតដែលទាមទារឲ្យ មានការរួមគ្នាដោះស្រាយនៅឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង រាជធានីភ្នំពេញគឺពិតជា បាននិងកំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យគួរឲ្យមានមោទនៈភាព ទន្ទឹមនឹងការរីកចំរើននេះ រាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឲ្យមានកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាធ្វើការដោះស្រាយ និងរកយន្តការថ្មីៗ ធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍ដំណើរការទៅ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

បញ្ហាប្រឈមដែលទាមទារឲ្យ គ្រប់ភាគីរួមគ្នាដោះស្រាយនេះ ត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងក្នុង អង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។

យោងតាមរបាយការណ៍របស់រដ្ឋបាល រាជធានីភ្នំពេញ ដែលអានដោយលោកហួត ហៃនាយករដ្ឋបាល រាជធានីភ្នំពេញ បានបង្ហាញថា រាជធានីភ្នំពេញ មានបញ្ហាប្រឈម មួយចំនួន ដែលត្រូវដោះស្រាយ ក្នុងនោះមាន កង្វះធនធានមនុស្សផ្នែកបច្ចេកទេស មធ្យោបាយធ្វើដំណើរ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ក្នុងការចុះយកទិន្នន័យភូមិសាស្រ្តរាជធានី សម្រាប់ Update នៅក្នុងប្លង់។

ការអភិវឌ្ឍន៍មិនទាន់គោរពតាមប្លង់គោល រាជធានីភ្នំពេញឆ្នាំ២០៣៥ ហើយថ្មីៗនេះ នៅតាមផ្លូវមួយចំនួន មានចងគោមភ្លើងកាត់ទទឹងផ្លូវ ដាក់ស្លាក យីហោ បិតខិតប័ណ្ណផ្សព្វផ្សាយ តាមដើមឈើ បង្គោលភ្លើង ការចងបដាស្រាបៀរអនាធិបតេយ្យ ការគូរគំនូរអានាធិបតេយ្យតាមទីសាធារណៈ ការដាក់ស្តង់ផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនទូរស័ព្ទ លើចិញ្ចើមផ្លូវ ដែលនាំឲ្យមានការរំខាន និងប៉ះពាល់ដល់សោភណ្ឌភាពយ៉ាងធ្ងន់ធ្ងរ។

ក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា នៅខណ្ឌមួយចំនួនមិនបានធ្វើរបាយការណ៍ពីចំណូល-ចំណាយថវិកាប្រចាំខែ និងត្រីមាស មករដ្ឋបាលរាជធានី។ ប្រជាពលរដ្ឋ មួយចំនួន ពុំទាន់បានចូលរួមវេចខ្ចប់សំរាម ធ្វើឲ្យមានគំនរសំរាម នៅគរតាមដងផ្លូវ។

ជនរងគ្រោះដោយគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ មានជំងឺច្រើន ដូចជា ថប់ដង្ហើម ហត់ រមាស់ ជំងឺសើរស្បែក ស្វាយ ប្រម៉េះ ស្ពឹកដៃជើង គ្រុនពោះវៀន ផ្លូវចិត្តធ្ងន់ធ្ងរ មេរោគអេដស៍ រលាកភ្លើមកម្រិតធ្ងន់ របេងសួត និង រលាក់ផ្លូវដង្ហើមធ្ងន់ធ្ងរ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់សារធារណៈ នៅតែជាបញ្ហាប្រឈមមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី បញ្ហាសណ្តាប់ធ្នាប់ សាធារណៈ ដែលបានផ្ញើរជូនរដ្ឋបាលរាជធានីភ្នំពេញ និង ខេត្តអោយចូលរួមពិនិត្យ ផ្តល់យោបល់បំពេញបន្ថែម ដែលជារបត់មួយដ៏សំខាន់ក្នុងការគ្រប់គ្រងដែនដីរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រោះការងារនេះគឺមានការប៉ះពាល់ផ្ទាល់ ទៅហ្នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោកបានបន្តថា ដើម្បីឆ្លើយតប និងដើរទទ្ទឹម និងសេចក្តីព្រាងច្បាប់នេះ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់យកផ្លូវសំខាន់ៗ ១១ខ្សែរធ្វើជាគំរូ សំរាប់ការអនុវត្តវិធានការសណ្តាប់ធ្នាប់។ប៉ុន្តែបើទោះជាការងារនេះមានបញ្ហាស្មុគស្មាញ និងត្រូវប្រឈមមុខ ចំពោះផលប្រយោជន៍ឯកជន របស់ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន និងវិស័យឯកជនមួយចំនួនក្តី ជាឆន្ទៈនិងជាជំហដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ ត្រូវតែចាំបាច់ក្នុងការអនុវត្តការងារដោយមិនរាថយ អោយទទួលបានជោគជ័យ ហើយផ្តោតទៅលើវិធានការ៣សំខាន់គឺ សណ្តាប់ធា្នប់ចិញ្ចើមផ្លូវ សណ្តាប់សំណង់ និងសណ្តាប់ធ្នាប់ អ្នកលក់ដូរ ដើម្បីកែប្រែទម្លាប់និងឥរិយាបថ របស់ប្រជាពលរដ្ឋ អោយបានយល់ដឹងអំពីព្រំដែន នៃកម្មសិទ្ធ និងអ្វីជាប្រយោជន៍សាធារណៈ ដោយងាកមកចូលរួមជាមួយ និងអាជ្ញាធរមានសមត្ថកិច្ច ។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតផងដែ រដែលទាក់ទង និងបញ្ហាបរិស្ថាន និង អនាម័យ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការរំលោភបំពានទៅលើផ្ទៃប្រឡាយ និងសំណង់ខុសច្បាប់ ក៏ដូចជាចិញ្ចើមផ្លូវសាធារណៈផងដែរ ។

រាល់បញ្ហាប្រឈមខាងលើនេះ ភាគីពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ទាមទារឲ្យមានការផ្តល់នូវថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើដោះស្រាយ , ស្នើក្រុមហ៊ុនគោរពគោលការណ៍ណែនាំ និងលក្ខខន្តច្បាប់ និងស្នើឲ្យអាជ្ញាធរពង្រឹងការអនុវត្ត តាមការណែនាំរបស់ រដ្ឋបាលរាជធានី ក៏ដូចជាអនុវត្តតាមសារាចរណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងធ្វើ ឬ ផ្ញើរបាយការណ៍ឲ្យបានទៀងទាត់មករដ្ឋបាលរាជធានី។

ជាមួយគ្នានោះ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ ត្រូវបន្តធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមម៉ោងពេលកំណត់ នៃកម្មវិធីដឹកជញ្ជូន។ បន្តយកចិត្តទុកដាក់ បំពេញការងារ ភារកិច្ច និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ឆ្លើយតបឲ្យបានទាន់ពេលវេលា ពិសេសតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញនេះនឹងប្រើប្រាស់រយៈពេល២ថ្ងៃ ដោយជ្រើសរើសប្រធានបទចំនួន៤ចំណុចមកពិភាក្សា ដើម្បីយកចំណុចល្អមកអនុវត្តការងារនៅឆ្នាំ២០១៨ ក្នុងនោះរួមមាន ការពិភាក្សា ៖ ១ គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនិងបញ្ហាចរាចរ ។ ២ បញ្ហា អនាម័យ បរិស្ថាន បញ្ហាសំរាម ។ ៣ ការសម្រើ សេវា សាធារណៈ ជូនប្រជាពលរដ្ឋ និងទី៤ បញ្ហាប្រឡាយលូនិងសំណង់ខុសច្បាប់ ដើម្បីកំណត់ជាទិសដៅអនុវត្តបន្តនៅឆ្នាំ២០១៨ អោយកាន់តែមានប្រសិទ្ធភាព ៕ សំរិត


ចែករំលែក៖